header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ ក្រោយជួប​គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកជាមួយរថយន្តដឹក ប្រេងក្រុមហ៊ុន LIMLONG បន្ទាប់មកសាច់ញាតិមកដល់ ស្រាប់តែវិញ្ញាណសព ចូលសណ្ឋិត ក្នុងខ្លួនបងស្រី រួចនិយាយថា "រថយន្តបើកវ៉ាមកបុកម៉ូតូខ្លួន ទើបបណ្តាលឲ្យខ្លួនស្លាប់បែកបាក់ក្រុមគ្រួសារម្តាយឪពុកប្រពន្ធកូនជាទីស្រឡាញ់ ព្រមទាំងចង់ជួបអ្នកបើកបររថយន្ត ដែល បុកខ្លួនស្លាប់ផងដែរ"។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ អធ្រាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ស្ថិតនៅភូមិកប់ស្រូវ តូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ។

បុរសរងគ្រោះ ឈ្មោះ លឹម ចាន់ដែន អាយុ២៨ឆ្នាំ ជាអ្នកបើកអេស្កា ស្នាក់ផ្ទះជួលនៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិព្រែក ប្រណាក សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាក QBX ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ ១HT-៣២៦០ ។ ភាគីខាងរថយន្តដឹកប្រេង របស់ក្រុមហ៊ុន LIMLONG ពាក់ស្លាកលេខ ភ្នំពេញ ៣A-០៥៨២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចចាប់ខ្លួន។

ប្រភពពី​ប្រជាពលរដ្ឋ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកប្រេងក្រុមហ៊ុន LIMLONG កំពុងឈប់ចត នៅតាមផ្លូវ អ្នកបើកបរចុះបត់ជើងតូច បន្ទាប់មករថយន្តដឹកប្រេង បានបើកចេញទៅបានបន្តិច ស្រាប់តែបុរសរងគ្រោះជិះម៉ូតូទៅបុកគូទរថយន្តដឹកប្រេងពេញទំហឹង ចំចំហៀងខាងឆ្វេង បណ្តាលឲ្យបុរសរងគ្រោះស្លាប់ភ្លាម ៗ ខណៈនោះរថយន្តដឹក ប្រេង បានបើកចេញពីកន្លែងកើតហេតុ បានជាង១០០ម៉ែត្រ ក៏ត្រូវប្រជាពលរដ្ឋឃាត់ទាំងរថយន្ត និងអ្នកបើកបរ បានភ្លាមៗ ។

បើតាមប្រភពពីមិត្តរួមការងារ ជាមួយជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុជន រងគ្រោះ បានចេញមកពីកន្លែងធ្វើការ ដោយជិះ ម៉ូតូម្នាក់ឯង ចំណែកអ្នករួមការងារចំនួន២ នាក់ទៀត ជិះម៉ូតូមួយគ្រឿង ដោយសារតែជនរងគ្រោះប្រញាប់មកផ្ទះមុនពេក ក៏បានជិះម៉ូតូ ទៅមុន ចំណែកអ្នកធ្វើការជាមួយគ្នា បានជិះម៉ូតូមកតាមក្រោយ លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តដឹកប្រេងខាងលើ ចតអែបចិញ្ចើមផ្លូវ ហើយម៉ូតូជនរងគ្រោះ បម្រុង​បើកវ៉ា ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត បានបើកវ៉ារថយន្តដឹកប្រេង កំពុងឈប់ចត នោះ ធ្វើឱ្យជនរងគ្រោះជិះម៉ូតូគេចមកខាងស្តាំវិញ ជាន់ហ្វ្រាំងមិនជាប់ ក៏បានបុករថយន្ត ដឹក ប្រេងយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាម ៗ។

ក្រោយមកមានក្រុមគ្រួសារសាច់ញាតិ ម្តាយបងស្រី និងប្រពន្ធរបស់ជនរងគ្រោះ បានមក ដល់កន្លែងកើតហេតុ នាំគ្នាស្រែកទ្រហោយំ  បោកខ្លួនគួរឲ្យសង្វេគ លុះបានបន្តិច ស្រាប់តែ ស្ត្រីម្នាក់ ដែលជាបងស្រីបង្កើតជនរងគ្រោះ  ត្រូវបានវិញ្ញាណរបស់សពជនរងគ្រោះ ចូល សណ្ឋិត ហើយស្រែកយំទាំងបិទភ្នែករួច និយាយថា រថយន្តបើកវ៉ាមកបុកម៉ូតូគាត់ បណ្តាល ឲ្យគាត់ស្លាប់ បែកបាក់ក្រុមគ្រួសារម្តាយឪពុកប្រពន្ធកូនជាទីស្រឡាញ់ ធ្វើឲ្យគាត់ចង់ជួបអ្នកបើកបររថយន្ត ដែលបុកគាត់ស្លាប់ផងដែរ។

ពេលឃើញហេតុការណ៍បែបនេះ ស្ត្រីជាម្តាយរបស់បុរសរងគ្រោះ បានអុជធូបបន់សុំឲ្យវិញ្ញាណសពកូនចេញពីខ្លួនបងស្រី  ហើយត្រឡប់ទៅផ្ទះវិញ តែវិញ្ញាណ ដែលចូលសណ្ឋិតនោះប្រាប់ថា "ទម្រាំតែបានសុំចូលរូបបងស្រី ដែលមានគ្រូកាន់នេះ គឺពិបាកណាស់ គាត់មិន ចង់ចេញទេ " តែស្ត្រីជាម្តាយនៅតែនិយាយអង្វរ ទើបវិញ្ញាណនោះ ព្រមចេញវិញ។

ក្រោយកើតហេតុ មន្ត្រីជំនាញចរាចរណ៍រាជធានី ភ្នំពេញ បានធ្វើការវាស់វែងនៅកន្លែងកើតហេតុ ព្រមទាំងនាំ អ្នកបើកបររថយន្ត និងរថយន្តដឹកប្រេងរួមជាមួយម៉ូតូជនរងគ្រោះយកទៅ រក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើ លិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post