
កំពង់ធំ ៖ កាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ អគ្គិភ័យបានឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ ហើយឆេះរាលដាលពីផ្ទះមួយ ឆ្លងទៅផ្ទះអ្នកជិតគ្នាមួយខ្នងទៀត នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងនៅកន្លែងកើតហេតុបានបង្ហើបឱ្យដឹងថា ម្ចាស់ផ្ទះខាងលើនេះមិននៅផ្ទះ ហើយបានបិទទ្វារចោល តែរយៈពេលកន្លងមកកូនស្រីខាងលើនេះ តែងតែ ខឹងម្តាយ លួចយកភ្លើងទៅដុតផ្ទះ តែត្រូវអ្នកជិតខាងជួយទាន់ តែមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ ស្រាប់តែកូនស្រី សតិមិនគ្រប់ បានលួចយកភ្លើងទៅដុតជញ្ជាំងផ្ទះផ្នែកខាងក្រោយ ហើយក៏ដើរចេញបាត់ទៅ ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញមានអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅសូម្បីតែអ្នកជិតខាងក៏មិនអាចជួយទាន់ដែរ។
ភ្លាមៗនោះគេបានឃើញរថយន្តពន្លត់អគ្គិភ័យ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីកុំឲ្យរាលដាល តែដោយសារអណ្ដាតភ្លើងឆេះលឿនពេក ជួយមិនទាន់ ក៏បណ្ដាលឲ្យឆេះអស់ទាំងស្រុងនិងអស់ទ្រព្យសម្បត្តិ រួមមាន គ្រែបី តុបី ម៉ូតូសង់ការ៉េមួយគ្រឿង និងឆេះដល់ផ្ទះអ្នកជិតខាងអស់ជញ្ជាំងក្តា មួយចំហៀង។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ពង្ស ញ៉ាញ់ ភេទស្រី អាយុ៥៧ឆ្នាំរស់នៅភូមិ ថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ និងម្ចាស់ផ្ទះមួយដែលឆេះអស់ជញ្ជាំងមួយចំហៀងនោះ ឈ្មោះសៅ ទិត្យ អាយុ៧៧ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា កន្លែងកើតហេតុ ហើយកូនស្រីសតិមិនគ្រប់ ឈ្មោះ ម៉ុងញ៉ អាយុ៣៨ឆ្នាំ។
នៅក្នុងហេតុការណ៍ អគ្គិភ័យសមត្ថកិច្ច នគរបាលស្រុកតាំងគោកបានប្រើរថយន្តចំនួន២គ្រឿង ទឹកអស់២ឡាន ស្មើជាង៩ម៉ែត្រគូប ដោយប្រាស់កម្លាំងនគរបាល ប៉ុស្តិ៍ទ្រៀល និងនគរបាលស្រុកតាំងគោកជិត ៣០នាក់ ជួយអន្តរាគមន៍ទើបធ្វើឲ្យអគ្គិភ័យ បានរលត់ថមថយទៅវិញនៅវេលាម៉ោង ជាង១១ថ្ងៃ ដដែលនេះ៕




