header ads

Sponsor

កំពត ​៖​ ​កាលពី​រសៀល​ថ្ងៃទី​១៧ និង​បន្ត​រហូតដល់​រសៀល​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហេតុការណ៍​បង្ក​ភាព​ភ្ញាក់ផ្អើល ក្រោយពីពលរដ្ឋបានឃើញត្រី​រាប់ពាន់​ក្បាល​ បាន​ងាប់​អណ្តែត​ពេញ​ទឹក​ប្រឡាយ​ ដោយ​គ្មាន​មូលហេតុ ត្រង់ចំណុច​ប្រឡាយ​ក្បែរ​រោងចក្រ​ផលិត​ទឹកកក​មួយកន្លែង ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត ហើយគេ​ឃើញ​ពលរដ្ឋ​នាំគ្នា​ចុះ​ចាប់​ត្រី​ណា​ ដែល​មិនទាន់​ងាប់​យ៉ាង​ពពាក់ពពូន។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ប្រឡាយ​ទឹកបាន​និយាយថា កាល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប្រឡាយ​ខាងលើ​មានទឹក​ច្រើន គេ​មិនដែល​ឃើញ​មាន​ត្រី​មួយ​ក្បាល​ណា​ងាប់​អណ្តែត​ទឹក​ឡើយ លុះ​ប៉ុន្មាន​ថ្ងៃនេះ​ពេល​ទឹក​ប្រឡាយ​ស្រក​ ស្រាប់​តែមាន​ត្រី​រាប់ពាន់​ក្បាល​ងាប់​អណ្តែត​ពេញ​ប្រឡាយ​ទឹក ជាហេតុ​ធ្វើឲ្យ​ពលរដ្ឋ ជាច្រើន​នាក់​នាំគ្នា​ចុះ​ចាប់​ត្រី​យក​ធ្វើ​ម្ហូប ហើយ​ករណី​ងាប់​ត្រី​នេះ​សង្ស័យ​ពុល​នឹង​សារធាតុ​អ្វី​ម្យ៉ាង ​ដែល​ហូរ​ចូល​ក្នុង​ទឹក​ប្រឡាយ​នេះ។

ពាក់ព័ន្ធ​នឹង​ករណី​ត្រី​ងាប់​ខាងលើ លោក យន់ វេហា មន្ត្រីជលផល​ស្រុក​កំពង់ត្រាច​បាន​និយាយថា រឿង​ត្រី​ងាប់​ក្នុង​ប្រឡាយ​ទឹក​នេះ​ លោក​មិនទាន់​ហ៊ាន​កំណត់​ថា​ វា​ពុល​ងាប់​ដោយសារ​អ្វី​ឲ្យ​ប្រាកដ​នោះទេ ដោយ​រង់ចាំ​ឆ្លង​ការពិនិត្យ​ពី​មន្ត្រី​ជំនាញ​សិន ទើប​អាច​កំណត់​បាន។

ដោយឡែក នៅ​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​អូន ខន អភិបាលស្រុក​កំពង់ត្រាច បានបញ្ជាក់​ប្រាប់ថា លោក​ទើបតែ​ទទួលបាន​សេចក្តីរាយការណ៍​​​ ពី​មន្ត្រីក្រោមឱវាទ​ថា ​មាន​ត្រី​ងាប់​អណ្តែត​ក្នុង​ប្រឡាយ​។​ ក្រោយពី​ទទួលបាន​ព័ត៌មាន​​​បឋម​ លោក​ជំរុញ​ឲ្យ​មន្ត្រី​នៃ​មន្ទីរជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង ដើម្បី​ស្វែងរក​មូលហេតុ តើ​ត្រី​ក្នុង​ប្រឡាយ​ពុល​ដោយសារ​អ្វី៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post