
ភ្នំពេញ៖កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រថភ្លើងបានបុកគ្នាជាមួយ PassApp អូសជាច្រើនម៉ែត្របណ្តាលឲ្យម៉ូតូបីកង់ខ្ទេច ហើយរថភ្លើងក៏រងការខូចខាតបែកកាងខាងមុខផងដែរនៅនៅចំណុចខាងក្រោយសាលាតិចណូ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយម្ចាស់រត់គេចខ្លួនបាត់។
បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថា មានម៉ូតូកង់បីស្លាកលេខភ្នំពេញ ១HZ-២៨៩៥ ហើយបានរងការខូចខាតធ្ងន់ និងម្ចាស់បានរត់គេចខ្លួនបាត់ ចំណែករថភ្លើងសម្រាប់ដឹកអ្នកដំណើរភ្ញៀវទេសចរទៅព្រលានយន្តហោះបែកកាងខាងមុខ។
មុនពេលកើតហេតុម៉ូតូកង់បីធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើងក្នុងទិសដៅពីជើងទៅត្បូង ក្នុងពេលឆ្លងកាត់នោះ គឺមានចំណោទលើទួលក៏ស្រាប់តែរលត់តែម្តង ខណៈនោះរថភ្លើងក៏បានធ្វើដំណើរទិសដៅពីលិចទៅកើត ហើយមកបុកពេញទំហឹងអូសម៉ូតូកង់បីជាប់ក្បាលរទេសភ្លើងប្រមាណជាង២០ម៉ែត្រ ក្រោយមកក៏រថភ្លើងបានរយែរថយក្រោយចេញក៏បើកចូលរា រថភ្លើងបាត់ទៅ ហើយម្ចាស់កង់បីក៏ចុះដើរទ្រេតទ្រោតគេចខ្លួនបាត់។
ក្រោយពីគ្រោះថ្នាក់ភ្លាមៗកងរាជអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុ ហើយបានយក PassApp ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយសងការខូចខាតដល់រថភ្លើង។



