header ads

Sponsor

ការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសគឺជាក្ដីប្រាថ្នារបស់អ្នកសិស្សនិស្សិតនាពេលបច្ចុប្បន្ន ប៉ុន្តែការចាប់យកអាហារូបករណ៍មួយ វាមិនងាយស្រួលដូចការប្រឡងធម្មតាទេ។ ក្នុងដំណើរការអាហារូបករណ៍នីមួយៗ សិស្សនិស្សិតភាគច្រើនមានការព្រួយបារម្ភខ្លាំងលើវគ្គសម្ភាសន៍ ដោយមិនបានដឹងមុនថានឹងមានអ្វីកើតឡើង មិនដឹងថាតើគណៈកម្មការនឹងសួរអ្វីខ្លះ ហើយនឹងត្រូវឆ្លើយយ៉ាងណាដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានពិន្ទុខ្ពស់។

ដើម្បីផ្ដល់ជាគន្លឹះសំខាន់ៗក្នុងការដាក់អាហារូបករណ៍ លោក សួស អ៊ឹមស៊ូជីវី ដែលជានិស្សិតអាហារូបករណ៍ Chevening Scholarship នៅក្នុងប្រទេសអង់គ្លេស នឹងចូលរួមចែករំលែកព័ត៌មាន និងសម្ធិទិផលថ្មីៗដែលលោកទទួលបាននៅក្នុងសន្និសីទអាហារូបករណ៍លើកទី៨ ក្រោមប្រធានបទ “តើគួរត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍ ជាពិសេសឆ្លងកាត់វគ្គសម្ភាសន៍ដោយជោគជ័យ?” ។ មុននឹងជួបគាត់ក្នុងសន្និសីទអាហារូបករណ៍លើកទី៨ ងាកមកមើលបទពិសោធន៍និងគន្លឹះសំខាន់ៗពីលោកសួស អ៊ឹមស៊ូជីវី ដើម្បីត្រៀមខ្លួនឲ្យបានល្អទាំងអស់គ្នា៖

សំណួរទី១៖ តើលោកធ្លាប់ទទួលបានអាហារូបករណ៍អ្វីខ្លះ?
ចម្លើយ៖ អាហារូបករណ៍ដែលខ្ញុំធ្លាប់ទទួលបានមានដូចជា៖
- អាហារូបករណ៍ United World College ប្រទេសហុងកុង(២០០៩ - ២០១១)
- អាហារូបករណ៍ Davis UWC ក្នុងសហរដ្ឋអាមេរិក (២០១១ - ២០១៥)
- អាហារូបករណ៍ Chevening ជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៍ និងគោលនយោបាយ ក្នុងចក្រភពអង់គ្លេស (២០១៨ - ២០១៩) និងអាហារូបករណ៍ដ៏ទៃទៀត រួមមានអាហារូបករណ៍នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) អាហារូបករណ៍ YSEALI អាហារូបករណ៍ Leading Asia នៃកម្មវិធីកិច្ចប្រជុំកំពូល One Young World ជាដើម។-ល-។ អាហារូបករណ៍ទាំងនេះបានផ្តល់ឱកាសឲ្យខ្ញុំបានធ្វើការ និងធ្វើដំណើរទៅជាង ៦០ ប្រទេស ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។

សំណួរទី២៖ តើលោកធ្លាប់ទទួលបរាជ័យក្នុងការទទួលបានអាហារូបករណ៍ដែរឬទេ?
ចម្លើយ៖ ខ្ញុំមិនដែលជួបការបរាជ័យក្នុងការប្រលងប្រជែងយកអាហារូបករណ៍ទាំងនេះទេ ក៏ប៉ុន្តែភាពជោគជ័យនេះក៏មិនមែនកើតឡើងដោយចៃដន្យដែរ។ ខ្ញុំយល់ថាយើងគ្រប់គ្នាអាចរៀនសូត្រ និងទទួលយកបទពិសោធន៍ពីភាពបរាជ័យបាន ក៏ប៉ុន្តែការបរាជ័យទាំងនោះ មិនចាំបាច់ជាការបរាជ័យរបស់យើងនោះទេ។ ការសាកសួររៀនសូត្រ ពីបុគ្គលជោគជ័យជាសិស្សច្បងទោះបីជាគេជាប់ ឬធ្លាក់ ការអានសៀវភៅ ការសិក្សាស្រាវជ្រាវ ពីអាហាររូបករណ៍ទាំងនេះក្តី មុនពេលដាក់ពាក្យ សុទ្ធសឹងតែអាចជួយបង្កើនអត្រាជោគជ័យរបស់យើង។

សំណួរទី៣៖ តើលោកមានគន្លឹះសំខាន់ៗអ្វីខ្លះ ដើម្បីស្វែងរកអាហារូបករណ៍និងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទទួលបានអាហារូបករណ៍ទាំងនេះបានយ៉ាងជោគជ័យ?
ចម្លើយ៖ ខ្ញុំតែងតែចំណាយពេលជ្រើសរើសប្រភេទអាហារូបករណ៍ដែលខ្ញុំចាប់អារម្មណ៍។ ដោយសារខ្ញុំដាក់ពាក្យសុំអាហារូបករណ៍តែមួយ ឬច្រើនបំផុតពីរក្នុងពេលតែមួយ ខ្ញុំមានពេលវេលាច្រើនក្នុងការប្រមូលព័ត៌មាន និងបំពេញតំរូវការរបស់អាហារូបករណ៍ ដែលជាហេតុធ្វើឲ្យការរៀបចំពាក្យស្នើសុំរបស់ខ្ញុំលេចធ្លោជាងពាក្យសុំរបស់បេក្ខជនដ៏ទៃទៀត។ ចុងក្រោយការផ្ចិតផ្ចង់ និងលម្អិតមានសារៈសំខាន់ណាស់។ កំហុសតិចតួចដូចជាកំហុសវេយ្យាករណ៍ ជាដើមអាចជាសញ្ញាប្រាប់ទៅគណៈកម្មាការអាហារូបករណ៍ថា អ្នកមិនបានចំណាយពេលវេលាគ្រប់គ្រាន់លើការដាក់ពាក្យទេ។ លើសពីនេះទៅទៀត អ្នកគួរតែបញ្ចូលស្ថិតិជាក់លាក់ថា ដែលទាក់ទងទៅនឹងការងារការសិក្សា សមិទ្ធិផល ឬព័ត៌មានផ្សេងៗ ក្នុងប្រវត្តិរូបសង្ខេប អត្ថបទសំណេរ និង/ឬសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់អ្នក ដែលជាទូទៅស្ថិតិជាក់លាក់ទាំងនោះធ្វើឲ្យពាក្យស្នើសុំរបស់អ្នកកាន់តែទាក់ទាញ។

សំណួរទី៤៖ តើការសម្ភាសន៍ក្នុងអាហារូបករណ៍មានការពិបាកដែរឬទេ? តើយើងគួរត្រៀមអ្វីខ្លះ ដើម្បីទទួលបានជោគជ័យក្នុងសម្ភាសន៍?
ចម្លើយ៖ ការសម្ភាសន៍ជាទូទៅជាផ្នែកពិបាកបំផុតសម្រាប់បេក្ខជនដាក់ពាក្យប្រលងអាហារូបករណ៍ ជាពិសេសអ្នកដែលមិនមានបទពិសោធច្រើនលើបញ្ហានេះ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវចេះភាសាដែលត្រូវប្រើក្នុងពេលសម្ភាសន៍ឲ្យបានច្បាស់។ ទោះបីជាអ្នកមានចំណេះដឹងច្រើនយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនយល់សំណួរ ឬមិនអាចឆ្លើយតបទៅគណៈកម្មាការបាន អ្នកមិនអាចទទួលជោគជ័យបានទេ។ ទីពីរភាពផ្ចិតផ្ចង់ និងការស្រាវជ្រាវលើអាហារូបករណ៍ដែលអ្នកកំពុងដាក់ពាក្យមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងវគ្គនេះ។ ចុងក្រោយជំនឿជាក់លើខ្លួនឯងមានសារៈសំខាន់ណាស់ ក៏ប៉ុន្តែក៏មិនត្រូវជឿជាក់លើខ្លួនឯងខ្លាំងពេកដែរ។ អ្នកអាចសួរទៅកាន់គណៈកម្មាការ ដើម្បីស្នើសុំការបំភ្លឺប្រសិនចាំបាច់។

សំណួរទី៥៖ ជាចុងក្រោយ តើលោកមានការណែនាំ ឬគន្លឺះសំខាន់ៗអ្វីសម្រាប់ប្អូនៗដែលមានបំណងចង់ដាក់អាហារូបករណ៍ដើម្បីត្រៀមខ្លួនឲ្យមានប្រសិទ្ធភាព?
ចម្លើយ៖ ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស រៀនពូកែតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ។ អ្នកត្រូវតែសិក្សាស្វែងយល់ពីខ្លួនឯង ពីមុខវិជ្ជារបស់អ្នក និងកិច្ចការផ្សេងទៀតក្នុងស្រុក និងនៅលើពិភពលោក។ អ្នកត្រូវតែមានការតស៊ូជាមួយនឹងគោលដៅ និងសកម្មភាពរបស់អ្នកជារៀងរាល់ថ្ងៃ។ ត្រូវចងចាំថាភាពជោគជ័យត្រូវការពេលវេលា ហើយអ្នកនឹងមិនអាចទទួលវានោះទេ បើអ្នកមិនសាកល្បង។

ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការដាក់អាហារូបករណ៍ឲ្យបានជោគជ័យ លោកអ្នកអាចចូលរួមសន្និសីទអាហារូបករណ៍លើកទី៨ ដែលនឹងត្រឡប់មកជាថ្មីនាដើមខែធ្នូនេះ ថ្ងៃទី០១ នៅចាប់ពីម៉ោង៨ព្រឹកដល់៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។ សន្និសីទអាហារូបករណ៍លើកទី៨ក្នុងឆ្នាំនេះ នឹងមានការចូលរួមពីវាគ្មិនកិត្ដិយសពីតំណាងស្ថានទូត ស្ថាប័នផ្ដល់អាហារូបករណ៍ និងនិស្សិតអាហារូបករណ៍ជាច្រើនរូបពីបណ្ដាប្រទេសធំៗមានដួចជា៖ អ៊ីរ៉ុប សហរដ្ឋអាមេរិច អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ ជប៉ុន ស៊ីងហ្គាពួរជាដើម។

សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ វិចិ្ឆកា ២០១៩ និង ៧ដុល្លារ ក្នុងថ្ងៃកម្មវិធី។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈវិធីខាងក្រោម៖
➡ ទូរស័ព្ទលេខ៖ 012 230 140
➡ ABA: 000528117
➡ Wing: 017694734
កម្មវិធីនេះរៀបចំដោយ ក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬ ទូរស័ព្ទលេខ 012 230 140។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post