
ភ្នំពេញ ៖កាលពីវេលាម៉ោង១និង១៥នាទីយប់ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នករត់កង់បីម្នាក់ ទំនងជាស្រវឹងស្រា ដោយខឹងគេជិះម៉ូតូវ៉ាខ្លួន ក៏កើតចិត្តខឹងបើកកង់បីដេញបុកពីក្រោយ បណ្ដាលឲ្យភាគីម៉ូតូដួលរងរបួស និងម៉ូតូកង់បីក្រឡាប់ផ្ងារជើងរងរបួសស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិ៤ ភូមិជម្ពូវ័ន្ដ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសបើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HX-6840 វ័យប្រហែលជាង៤០ឆ្នាំ រីឯខាងម៉ូតូ ម៉ាកគុបមូល ពាក់ស្លាកលេខ ភ្នំពេញ1AN-38-47 ធ្វើដំណើរដោយបុរស២នាក់។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញម៉ូតូកង់បីឥណ្ឌា បើកបរពីកើតទៅលិច តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី ខណៈពេលមកដល់ចំណុចជិតរង្វង់មូលចោមចៅ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា២នាក់បានជិះវ៉ាទៅមុខ បានប្រហែលជា៣ទៅ៤ម៉ែត្រ ទើបម្ចាស់កង់បីឥណ្ឌា ខឹងបើកដេញតាមបុកពីក្រោយ បណ្ដាលឲ្យដួលខាងម៉ូតូរងរបួសស្រាល ចំណែកកង់បីវិញក្រឡាប់ផ្ងារជើង។
ប្រភពបានឲ្យដឹងទៀតថា ភាគីទាំង២ ទំនងមានការខឹងគ្នាមកពីចម្ងាយ ដោយសារការជិះឌឺដង ទើបមកដល់ចំណុចកើតហេតុទប់ចិត្តមិនបាន ក៏បើកបំបុកបែបនេះតែម្ដង។ ក្រោយកើតហេតុ ភាគីទាំង២ជជែកគ្នា តឹងសរសៃក ដណ្ដើមយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចចុះមកវាស់វែងយានយន្តអែបខាង ទុកឲ្យភាគីទាំងពីរធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿង៕


