header ads

Sponsor

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ធ្វើការបង្ក្រាបទីតាំងសំបុកល្បែងអនឡាញមួយកន្លែងស្ថិតនៅក្នុងប្លុកកាសីណូ នៃក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនបរទេសប្រុសស្រី និងខ្មែរ ជាង២០០នាក់ ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍​ កែវ​ វណ្ណថន​ អគ្គនាយករងអន្តោប្រវេសន៍ និង រូបលោកសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជក ដោយមានការសម្របសម្រួលនីតិវិធី ដោយលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យគោលដៅចំនួន០២កន្លែង​ ដែលសង្ស័យមានល្បែងអនឡាញខុសច្បាប់​ ដោយទីតាំងទី១​ នៅនាគទិព្វ២(មានច្បាប់អនុញ្ញាត) ទីតាំងទី២​ នៅផ្ទះល្វែងក្រុមហ៊ុន​paramex(គ្មានច្បាប់អនុញ្ញាត​) ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា នៅចំណុចទីតាំងទី២នេះ កម្លាំងនគរបាល បានធ្វើការបង្ក្រាប ឃាត់ខ្លួនបានជនបរទេសចំនួន២០៩នាក់ ស្រី១៣០នាក់​ ក្នុងនោះជនសង្ស័យមាន០៧សញ្ជាតិ

-ថៃ១៨៣នាក់ ស្រី១១៨នាក់

-ឥណ្ឌា០៣នាក់ ស្រី០០នាក់

-ម៉ាឡេស៊ី​ ០២នាក់ស្រី

-ឥណ្ឌូនេស៊ី ០២នាក់

-តៃវ៉ាន់០២នាក់ ស្រី០០នាក់

-ឡាវ០៥នាក់​ ស្រី០៤នាក់

-ខ្មែរ​ ១២នាក់ ស្រី០៦នាក់ ។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា ក្រោយពីធ្វេីការត្រួតពិនិត្យរួចហេីយកម្លាំងចម្រុះ បានអនុញ្ញាតឲ្យជនជាតិខ្មែរចំនួន១២ នាក់ ស្រី០៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកជនបរទេសចំនួន១៩៧នាក់ ស្រី១២៤នាក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ នៅខេត្តសៀមរាប ដើម្បីអនុវត្តបន្តនីតិវិធី ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន ដូចជា ៖ ម៉ាស៊ីនកុំព្យូទ័រចំនួន១០គ្រឿង និងទូរស័ព្ទដៃមួយចំនួន និងសម្រេចបិទអគារទីតាំងខាងលើ ។
គួរបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាល ចេញអនុក្រឹតបិទល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទ យ៉ាងណាក៏ដោយ គេនៅតែសង្គេតឃើញថា ក្រុងប៉ោយប៉ែត នៅតែមានការបើកឲ្យលេងល្បែងនេះ យ៉ាងគគ្រឹកគគ្រេងដដែល ដោយខ្លះសំអាងលើច្បាប់អនុញ្ញាតដែលមិនទាន់អស់សុពលភាព និងខ្លះទៀតលួចលាក់បើកបន្លំក្រោមស្លាកយីហោងកាស៊ីណូ និងខ្លះទៀតបង្ហោះឲ្យលេងតាមបណ្តាញសង្គមហ្វេសបុកយ៉ាងបើកចំហតែម្តង ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post