header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល (លើកទី២) ក្រោមប្រធានបទ"ពង្រឹងកិច្ចសហការ រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ ដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀង 
ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត តំណាង សាកលវិទ្យាល័យស្វាយរៀង  កងកម្លាំងទាំង៣ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីអភិបាលរង ក្រុង ស្រុក ទាំង៨ លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាព ពាក់ព័ន្ធនានា លោក លោកស្រីតំណាងអង្គការ សមាគម និងសសយកខេត្ត សរុបអ្នកចូលរួមចំនួន ១៦០ អង្គ-នាក់ ។


ឯកឧត្ដមគណៈអធិបតីបានមានប្រសាសន៍ថា: ចំណុច ៦ប្រការដែល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវប្រកាន់ភ្ជាប់ជាមួយអាជ្ញាធរមូលដ្ឋាន មានដូចខាងក្រោម៖

១.សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តស្វាយរៀង ក្នុងការលើកកម្ពស់លិទ្ឋិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿង ជាពិសេសសូមបន្តចូលរួម និងគាំទ្រគម្រោងផែនការអភិវឌ្ឍន៍៥ឆ្នាំ និងគម្រោងវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

២.សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន  និង លក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស   និងសហប្រតិបត្តិការអន្តរជាតិ  ។  

៣.អង្គការ សមាគម មួយចំនួនសូមកុំព្យាយាមប្រើរូបភាពអូសទាញចលនាមហាជន ក្នុងការចលនាទាមទារសិទ្ធិសេរីភាព ការងារលើវិស័យដីធ្លីជាដើម ។

៤.សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តស្វាយរៀង សូមជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត អំពីការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន ឬតំណែងនាយកប្រតិបត្តិ តំណាង ឬតំណាងប្រចាំប្រទេស ឬផ្អាកការធ្វើសកម្មភាពមករដ្ឋបាលខេត្ត និងសូមធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត ក្រោយបញ្ចប់សកម្មភាពរបស់ខ្លួន ឬរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស និងឆ្នាំមករដ្ឋបាខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យតាមដានអំពីសកម្មភាព និងលទ្ធផលសម្រេចបាន ក៏ដូចជាបញ្ហាប្រឈមនានា នឹងមានមូលដ្ឋានក្នុងការធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ ។

៥.សូមអង្គការ សមាគម ទាំងអស់ធ្វើកិច្ចសហការ មានភាពស្មោះត្រង់ក្នុងភាពជាដៃគូក្នុងការពង្រឹងសាមគ្គីភាពឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
៦.អង្គការ សមាគម ដែលធ្វើសកម្មភាពនៅតាមទីសាធារណៈ ដាច់ខាតត្រូវជូនដំណឹងមករដ្ឋបាលខេត្តជៀសវាងមានភាពមិនប្រក្រតីកើតឡើងណាមួយអាចប្រឈម និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post