header ads

Sponsor

កណ្ដាលៈ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានថ្លែងជម្រុញឲ្យអធិការនគរបាលស្រុកខ្សាច់កណ្ដាល ក៏ដូចជាអធិការនគរបាលក្រុង/ស្រុកចំនួន១០ទៀត ពិនិត្យទឹកនោមរកសារធាតុញៀនទៅលើមន្រ្ដីនគរបាលក្រោមឱវាទ ។

ក្នុងករណីរកឃើញមន្រ្ដីណាម្នាក់មានសារធាតុញៀន ត្រូវតែធ្វើសំណើរសុំកាត់ចេញពីក្របខ័ណ្ឌជាបន្ទាន់ ។ ដោយឡែកមន្រ្ដីនគរបាលប៉ុស្ដិ៍រដ្ឋបាល ត្រូវខិតខំចុះតាមខ្នងផ្ទះ ដើម្បីធ្វើការទំនាក់ទំនងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ហើយត្រូវឲ្យលេខទូរស័ព្ទដល់ពួកគាត់ ដើម្បីពួកគាត់ធ្វើការទំនាក់ទំនងរាយការណ៍ព័ត៌មានពេលយថាហេតុកើតឡើងចេញអន្ដរាគមន៍ទាន់ពេលវេលា ។

ជាមួយគ្នានោះដែរ លោកស្នងការ បានក្រើនរំឮកដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ពិសេសលោកនាយការិយាល័យបុគ្គលិក ត្រូវពិនិត្យមើលអតីតភាពការងារមន្រ្ដីនគរបាលដែលមានសមត្ថភាព ដើម្បីរៀបចំស្នើរសុំតម្លើងឋានន្ដរស័ក្ដិនិងតួនាទីជូនពួកគាត់ ។

ប្រសាសន៍ខាងលើនេះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលលើកឡើងនៅក្នុងពិធីផ្សព្វផ្សយសេក្តីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិជូនមន្រ្ដីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល ។ ពិធីនេះ មានការចូលរួមពីលោកអភិបាលស្រុកខ្សាច់កណ្ដាល ,លោកស្នងការរង ,លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ,លោកនាយការិយាល័យបុគ្គលិក ,លោកអធិការនគរបាលស្រុកចំនួន៤ ,អធិការរងស្រុកខ្សាច់កណ្ដាល ,នាយ-នាយរងផ្នែក ,នាយ-នាយរងប៉ុស្ដិ៍ និងមន្រ្ដីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯមជាច្រើនរូបទៀត ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដែលទទួលបានជ័យលាភីតែងតាំងមុខតំណែងនិងតម្លើងឋានន្ដរស័ក្ដិសរុប១០៩រូប ក្នុងនោះ ត្រូវបានតម្លើងឋានន្ដរស័ក្ដិមានចំនួន៨១រូប និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងចំនួន២៨រូបផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post