(ស្ទឹងត្រែង)៖ ឥទ្ធិពលនៃចំហាយវត្ថុធាតុគីមីបានជះចំហួលចេញពីទីតាំងសិប្បកម្មតម្លើងទូកស្មាច់មួយកន្លែងស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ជាប់មាត់ទន្លេ ក្បែស្ពានមេគង្គ បង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ឯមន្ទីរសិប្បកម្មប្រាប់ថាណែនាំឲ្យទៅធ្វើច្បាប់ហើយ។
ទីតាំងសិប្បកម្មខាងលើជារបស់ឈ្មោះ ប៊ិន ជនជាតិវៀតណាម ហើយម្ចាស់បានអះអាងថាជាសិប្បកម្មនោះជារបស់ខ្លួនបច្ចុប្បន្នកំពុងរត់ច្បាប់ ហើយសិប្បកម្មនោះទើបនឹងតម្លើងទេ តែផលិត បានរាប់សិបគ្រឿងនិងលក់បន្តបន្ទាប់ហូហែមកហើយ។
ប្រភពព័ត៌មានបានបង្ហើបថាវត្ថុធាតុគីមីដែលយកមកផលិត បានជាទូកស្មាច់លក់ក្នុងតម្លៃរាប់ពាន់ដុល្លារនោះ ត្រូវមានសរសៃជ័រស្មាច់បញ្ចូលទឹកកាវម៉ូណូ ទឹកថ្នាំគីមីបញ្ចូលជាមួយទឹកកាវម៉ូណូ កាវស្មាច់បញ្ចូលជាមួយទឹកកាវម៉ូណូ ទើបអាចផលិតទូកនោះបានហើយប្រភេទទឹកកាវម៉ូណូ នោះជាវត្ថុធាតុគីមីដែលអាចជះចំហាយក្លិនរាប់សិបម៉ែត្រនៅជុំវិញនោះ។ ប្រភពដដែលបន្តថាវត្ថុរួមផ្សំខាងលើនោះ សុទ្ធសឹងជាវត្ថុធាតុដែលនាំចូលពីស្រុកយួនអាចទំនងគ្មានការបង់ពន្ធនាំចូលចំណែកក្រុមជាងជំនាញសុទ្ធតែមកពីស្រុកយួនទាំងអស់។
មេការក្នុងសិប្បកម្មតម្លើងទូកស្មាច់ខាងលើនេះអះអាងថាក្រុមជាងជំនាញយកមកពីវៀតណាមមានតែ៣នាក់ប៉ុណ្ណោះក្រៅពីនោះសុទ្ធតែអ្នកនៅក្នុងខេត្តទេ។
ដោយឡែកលោក ឯម សារួន ស្នងការរងអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងគ្មានប្រសិទ្ធិភាពក្នុងការចុះទៅពិនិត្យលើជនជាតិយួនដែលមកធ្វើការងារក្នុងសិប្បកម្មតម្លើងទូកស្មាច់នោះឡើយក្រោយមានសេចក្តីរាយការណ៍ពីពលរដ្ឋ ។
លោក ភឿ ស៊ីថាយ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែងបានបញ្ជាក់ប្រាប់សារព័ត៌មានថាសិប្បកម្មខាងលើលោកបានធ្វើការណែនាំអោយទៅធ្វើច្បាប់ហើយតែការរត់ច្បាប់ទៅដល់ណាលោកនៅមិនទាន់សួរនាំទៅមន្ត្រីរបស់លោកទេ។
ក្រុមអ្នកធ្វើអាជីវកម្មមួយចំនួនបានបញ្ជាក់ថាពាក់ព័ន្ធការរត់ច្បាប់ធ្វើអាជីវកម្មអ្វីមួយលុះត្រាមានទីតាំងនិងរត់ច្បាប់លើអាជីវកម្មនោះរួចរាល់ទើបអាចបើកដំណើរការអាជីវកម្មរបស់ខ្លួនបានតែប្រសិនទីតាំងនោះមិនបានទៅរត់ច្បាប់គឺ
មន្ត្រីនៃមន្ទីរសាមីចុះណែនាំអោយទៅធ្វើច្បាប់និងផ្អាក់អាជីវកម្មនោះៗបណ្តោះអាសន្នសិន។
មន្ត្រីនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តស្ទឹងត្រែងបានបញ្ជាក់ដែរ ថាជាទូទៅសិប្បកម្មដែលបង្ករអោយប៉ះពាល់បែបនោះគឺមិនអាចអនុញ្ញាតអោយបើកអាជីវកម្មនៅក្នុងទីប្រជុំជនទេ តែអាចអនុញ្ញាតអោយបានលុះត្រាមិនប៉ះពាល់ដល់ប្រជាជន៕