
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបង្ហាញថា ក្នុងរយៈពេល ១ ឆ្នាំ ពោលគឺឆ្នាំ ២០១៩ នេះ ក្រសួងបានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ។
នៅក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនករណី ដែលក្នុងនោះរួមមានគណបក្សខ្មែរក្រោក និងគណបក្សយុវជនកម្ពុជា ។
បើតាម លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលជាងមួយឆ្នាំ លោកបានទទួលបណ្ដឹងរបស់ពលរដ្ឋលើករណីវិវាទដីធ្លី ចំនួនប្រមាណ ៤០០ ករណី ដោយលោកគូសបញ្ជាក់ថា ភាគច្រើននៃករណីវិវាទដីធ្លី ដែលបានកើតឡើងដោយភាពអសកម្មរបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្លំលិខិតឯកសារគតិយុត្តិ ដោយក្នុងនោះរាជរដ្ឋាភិបាល ក៏បានចេញ សជណ ក្នុងការប្រគល់ភារកិច្ចដល់ក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ ផងដែរ ក៏ប៉ុន្តែជាការសង្កេតក្រសួងស្ថាប័នទាំងនោះ មិនទាន់មានដំណោះស្រាយអ្វីជាវិជ្ជមាន នោះទេ លើករណីវិវាទដីធ្លី ។
ក្នុងនាមលោកជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកនឹងអនុវត្តន៍តាមភារកិច្ច និងតួនាទីរបស់លោក ដោយនឹងអញ្ជើញប្រតិភូក្រសួង ជួបពិភាក្សាជាមួយក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ប្រសិនបើជាក្នុងក្រសួងរៀបចំដែនដី នៅតែបន្តភាពអសកម្មរបស់ខ្លួន ក្នុងកិច្ចការដោះស្រាយបញ្ហាដីធ្លីនេះ ខណៈ កន្លងមកលោកបានធ្លាប់ដាក់នូវលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាអនុសាសន៍មួយចំនួន រួចមកហើយ ក្នុងការជម្រុញដល់ក្រសួងរៀបចំដែនដី ក្នុងកិច្ចការដោះស្រាយបញ្ហាវិវាទដីធ្លីនៅកម្ពុជា ហើយលោកក៏បានជម្រុញឲ្យរាជរដ្ឋាភិបាលត្រូវអនុវត្តន៍អោយនូវអភិក្រមទី ៥ គឺការវះកាត់ អោយមានប្រសិទ្ធភាព ដោយមិនមានការលើកលែងជាដាច់ខាត ចំពោះមន្ត្រីដែលអសកម្មកាងារ មានភាពមិនប្រក្រតី ដែលបានប្រព្រឹត្តខុសអំពីច្បាប់ ភារកិច្ចតួនាទីរបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តអំពើពុករលួយ ជាដើម ។

ដោយឡែកសម្រាប់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានទទួលពាក្យបណ្ដឹងលើករណីវិវាទច្រើនករណី ផងដែរ ដោយក្នុងនោះមានប្រមាណ ៣០០ ករណី ទាំងមានករណីខ្លះបានធ្វើការដោះស្រាយរូចរាល់ហើយ និងករណីមួយចំនួនទៀតកំពុងតែបន្តនិតីវិធីដោះស្រាយ ជាបន្តបន្ទាប់ ។
លោក ពេជ្រ ស្រស់ បានបន្តថា វិវាទដីធ្លីនៅកម្ពុជា នាពេលសព្វថ្ងៃនេះ គឺភាគច្រើនកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋ ពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងពលរដ្ឋ និងក្រុមហ៊ុនឯកជន ដោយលោកគូសបញ្ជាក់ថា បញ្ហាប្រឈមពិបាកនឹងដោះស្រាយនោះ គឺទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុន ដែលត្រូវទាមទារការយកចិត្តទុកដាក់ដោះស្រាយ ជាបន្ទាន់ ។
ជាមួយគ្នានេះលោក ក៏បានគូសបញ្ជាក់ថាដើម្បីចូលរួមកាត់បន្ថយ ក៏ដូចជាការលុបបំបាត់នូវបញ្ហាដ៏រាំរៃនៃវិវាទដីធ្លីនៅកម្ពុជា បាននោះ គឺជម្រុញឲ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ត្រូវយកបេះដូងរាស្ត្រ ដាក់ក្នុងបេះដូងខ្លួនឯង ដោយត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានៃទំនាស់ដីធ្លីនៅនឹងកន្លែង ប្រកបដោយឆន្ទៈទទួលខុសត្រូវ មួយវិញទៀតនោះ គឺត្រូវលុបបំបាត់ និងជៀសវាងអោយបាននូវការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លីនេះ បើមិនដូច្នេះទេ បញ្ហាដីធ្លី នៅតែជាបញ្ហាប្រឈមសម្រាប់ជាតិ រួមទាំងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ទៀតផង ។
