ឆ្នេរខ្សាច់ដ៏ធំមួយបានផុសឡើងនៅតាមដងទន្លេមេគង្គក្នុងខេត្ត Nakhon Phanom ដែលស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃប្រទេសថៃ ដោយសារតែទឹកទន្លេមានកម្រិតទាប ហើយបានធ្វើអោយសេវាកម្មធ្វើដំណើរតាមទូករវាងប្រទេសថៃនិងឡាវជួបការលំបាក។
សារព័ត៌មាន The Bangkok Post បានចេញផ្សាយនៅថ្ងៃទី៥មករាថា ទឹកបានស្រកចុះទាបបំផុតក្នុងទន្លេមេគង្គ ដែលមិនធ្លាប់កើតឡើងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ដោយបានបណ្តាលឱ្យឆ្នេរខ្សាច់លេចឡើង ហើយបានបង្កជាឧបសគ្គដល់សេវាកម្មទូកឆ្លងកាត់ព្រំដែនរវាងប្រទេសថៃនិងឡាវ។
កម្រិតទឹកទន្លេមេគង្គទាបនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងគ្រោះរាំងស្ងួត និងការរក្សាទឹកទុកនៅទំនប់វារីអគ្គិសនីជាច្រើននៅខ្សែទឹកខាងលើក្នុងប្រទេសចិន។
ស្រុកមួយចំនួននៅក្នុងខេត្ត Nakhon Phanom គឺកម្ពស់ទឹកទន្លេបានស្រកចុះនៅសល់កម្ពស់តែប្រហែល១ម៉ែត្រ ដែលបណ្ដាលឱ្យលេចឡើងឆ្នេរខ្សាច់មានប្រវែងជាងមួយគីឡូម៉ែត្រ ហើយបានធ្វើឱ្យសេវាកម្មទូកដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន ត្រូវបង្ខំធ្វើដំណើរចម្ងាយឆ្ងាយជាងមុន ដោយសារត្រូវជៀសឆ្នេរខ្សាច់ ខណៈការនេសាទនិងវិស័យកសិកម្ម ក៏កំពុងរងផលប៉ះពាល់ដែរ។
លោកSayam Sirimongkol អភិបាលខេត្ត Nakhon Phanom បាននិយាយថា រដូវភ្លៀងនឹងកើតមាននៅរយៈពេលជាច្រើនខែខាងមុនទៀត ហើយខេត្តបានដាក់ចេញផែនការមួយដើម្បីជំនះបញ្ហា។ លោកថា ម៉ាស៊ីនត្រូវបានប្រើដើម្បីបូមខ្សាច់ចេញពីទន្លេដើម្បីបើកផ្លូវសម្រាប់សេវាកម្មទូក និងជីកនៅកន្លែងទន្លេដើម្បីបង្កើតអាងសម្រាប់ផលិតទឹកដល់ម៉ាស៊ីនបូមខ្សាច់។
លោកបាននិយាយថា បន្ទាប់ពីបានដាក់សំណើទៅរដ្ឋាភិបាលខេត្តនេះ ខេត្តត្រូវបានផ្តល់ថវិកាជិត២០០លានបាត សម្រាប់អនុវត្តគម្រោងចំនួន៣៧១ ដើម្បីបូមខ្សាច់ក្នុងទន្លេនៅខណ្ឌចំនួន១២ ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់និងវិស័យកសិកម្ម៕
ផ្ដល់សិទ្ធិដោយ៖ Khmernas