header ads

Sponsor

ភ្នំពេញ៖ ការបិទល្បែងអនឡាញគ្រប់ប្រភេទ បានធ្វើឲ្យប៉ះពាល់ដល់កាស៊ីណូ និងការងាររបស់យុវជន ។ នេះជាការលើកឡើងរបស់លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ។

ថ្លែងក្នុងកិច្ចពិភាក្សាគ្នានោះ លោក Chen Jiangan បាននិយាយថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចេញចរាចរណ៏ប្រកាសបិទការភ្នាល់គ្រប់ប្រភេទតាមប្រព័ន្ធអេឡិចត្រូនិច online បានធ្វើឲ្យកាស៊ីណូមួយចំនួនត្រូវបានបិទទ្វារ និងប៉ះពាល់ការងារដល់យុវជន។ ប៉ុន្តែបញ្ហាការងារយុវជន អាចដោះស្រាយបានតាមរយៈការចូលបម្រើការងារនៅតាមសហគ្រាសនិងរោងចក្រ ដែលកំពុងមានវត្តមាននៅខេត្តព្រះសីហនុនេះ។

ប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«ប៉ុន្តែមានរោងចក្រ សហគ្រាសចិន នៅខេត្តព្រះសីហនុ ជាង២០០កន្លែង បានផ្ដល់ការងារជូនយុវជនយើងជិត ៥ម៉ឺននាក់។ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវជនជិត ៣ម៉ឺននាក់។ ហើយនៅឆ្នាំ២០២០ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ »។

ជាមួយគ្នានេះលោក Chen Jiangan បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលកំពុងត្រូវការកម្លាំងពលកម្មជាច្រើនបន្ថែមទៀតផង។

ក្រៅពីផលប៉ះពាល់ដល់កាស៊ីណូ និងយុវជន ដោយសារការបិទល្បែងអនឡាញនេះ វាក៏ប៉ះពាល់អ្នកវិនិយោគចិន និងវិស័យផ្សេងទៀត ដូចជាការផ្ទះជួល វិនិយោគផ្នែកសំណង់ និងទេសចរណ៍ផងដែរ។ នេះជាការបញ្ជាក់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

បើតាមលោក គួច ចំរើន រដ្ឋបាលខេត្តក៍បានរៀបចំការជួបជុំជាមួយអ្នកវិនិយោគពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង។ «រដ្ឋបាលខេត្តបានបង្កើត ប្រព័ន្ធហតឡាញ ៦ខ្សែ ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មានទាន់ហេតុការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ព្រមទាំងបានណែនាំឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់មករកការងារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើនកំពុងខ្វះកម្លាំងពលកម្ម »។ នេះជាការបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ។

កាលពីខែសីហា ឆ្នាំ២០១៩ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ឡើយ​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល បានអះអាងថា សេដ្ឋកិច្ចកម្ពុជា មិនពឹងផ្អែកលើល្បែងអនឡាញឡើយ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post