header ads

Sponsor

ភ្នំពេញ៖ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា នៅតែអាចរក្សាលំនឹង៧ភាគរយ ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងបញ្ហាហានិភ័យខ្លះផងដែរ។ តើហានិភ័យសេដ្ឋកិច្ចអ្វីខ្លះ ដែលកម្ពុជាត្រូវប្រឈមមុខ?

របាយការណ៍ធនាគារជាតិ បានព្រមានហានិភ័យខាងក្រៅ និងខាងក្នុងនៃសេដ្ឋកិច្ច ដែលកម្ពុជាត្រូវជួបប្រទះនៅក្នុងឆ្នាំ២០២០នេះ។ ហានិភ័យខាងក្រៅ ដែលកម្ពុជាត្រូវប្រឈមមុខរួមមាន ការអាចថយចុះល្បឿននៃការរំពឹងទុកសេដ្ឋកិច្ចចិន ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយសេដ្ឋកិច្ចចិន និងបញ្ហានិន្នាការនៃការអនុវត្តគោលនយោបាយគាំពារនិយម ដែលអាចប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា ជាដើម។ នេះជាការព្យាកររបស់ធនាគារជាតិ។

ជាមួយគ្នានេះធនគារជាតិ ក៏បានបកស្រាយពីហានិភ័យខាងក្នុង ដែលកម្ពុជាត្រូវជួបប្រទះដែរនោះ គឺបញ្ហាបាត់បង់ការអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (Everything But Arms) ដែលអាចប៉ះពាល់ផ្ទាល់ដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យនានាក្នុងសេដ្ឋកិច្ច ដែលទទួលផលដោយប្រយោលពីវិស័យកាត់ដេរនេះ។ បន្ថែមពីនេះ បញ្ហាកម្រិតខ្ពស់នៃកំណើនឥណទានទៅកាន់វិស័យសំណង់អាចបង្កឱ្យហានិភ័យកើនឡើង នៅពេលដែលការផ្គត់ផ្គង់ក្នុងវិស័យអចលនទ្រព្យកើនឡើងខ្ពស់ហួសតម្រូវការ ជាពិសេសបញ្ហាទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងលំនៅដ្ឋាន មានភាពសកម្មនិងមិនទាន់មានការត្រួតពិនិត្យច្បាស់លាស់។

តែយ៉ាងណាក៏ដោយធនាគារជាតិ ក៏បានព្យាករថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២០ អាចសម្រេចបានក្នុងរង្វង់៧ភាគរយ ជាមួយកម្រិតអតិផរណាប្រមាណ២,៣ភាគរយ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ភាពអំណោយផលដល់ការនាំចេញ ការវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងកំណែទម្រង់ស៊ីជម្រៅ សម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ។


ធនាគារជាតិ ក៏បានរំពឹងថា ការនាំចេញនឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសទំនិញសម្រាប់ធ្វើដំណើរ(Travel Goods) ទំនិញកម្មន្តសាលផ្សេងៗ ទោះបីកំណើននាំចេញសម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។

បន្ថែមពីនេះធនាគារជាតិ បានសង្កត់ធ្ងន់ថា ទោះបីជាសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ក្តី ប៉ុន្តែការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ត្រូវបានគេរំពឹងថា នៅតែមានកំណើន។

របាយការណ៍ស្ដីពី«វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» របស់ធនាគារជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២ខែមករា បានសរសេរដូច្នេះថា៖«យន្តការនៃការដកEBA ពេញលេញនឹងត្រូវអនុវត្តនៅ៦ខែពីការសម្រេចរបស់សហភាពអឺរ៉ុប ហើយកម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជាEBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់EBA គ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់០,១ភាគរយ ទៅ១២,៥ភាគរយ ទៅតាមប្រភេទទំនិញ»។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ បន្តរឹងមាំក្នុងអត្រា ៧,១ ភាគរយ ដែលគាំទ្រដោយកំណើននាំចេញ ជាពិសេសផលិតផលកាត់ដេរ កំណើនវិស័យសំណង់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននាំចូលសម្ភារសំណង់ និងកំណើនក្នុងវិស័យទេសចរណ៍ ជាពិសេសតំបន់ឆ្នេរនិងក្នុងគោលបំណងធ្វើធុរកិច្ច៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post