ព្រះសីហនុ ៖ នៅម៉ោង០និង៤០នាទីយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ រថយន្តលុចស៊ីស៤៧០ មួយគ្រឿង បានបើកបុកក្បាលខឿនថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ដោយខ្លួនឯង បណ្តាលឲ្យរថយន្តផ្ទុះឆេះចេញអណ្តាតភ្លើងសន្ធោសន្ធៅនៅផ្នែកខាងម៉ាស៊ីន នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៩-១៨០ ត្រង់ចំណុច មុខវិទ្យាល័យវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទោះជាមានក្រុមប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើននាក់ បាននាំគ្នាជួយគាស់ទ្វាររថយន្តដើម្បីជួយសង្គ្រោះ តែគួរឲ្យសោកស្ដាយ ពេលយកជនរងគ្រោះចេញមកក្រៅ គាត់បានស្លាប់នៅក្នុងរថយន្តរួចទៅហើយ។
ជនរងគ្រោះឈ្មោះ នាក់ ចយ ភេទប្រុស អាយុ៥៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ(ជិះម្នាក់ឯង) និងមានទីលំនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចស្លាប់ដោយសារឈ្លក់ នឹងផ្សែងភ្លើង បូករួមនឹងការរងរបួសផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបើកបុកខឿនថ្មនេះ ម៉ាក LEXUS LX ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២N-៣១១១ បើកក្នុងទិសដៅពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ ក៏បានបុកខឿនថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តឆាបឆេះតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងជួយពន្លត់អគ្គិភ័យ រលត់ទាំងស្រុង រីឯវត្ថុតាង រថយន្ត១គ្រឿងខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕