ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយព្រួតគ្នាយកដែកបំពង់ទីប ទៅវាយមន្ត្រីនគរបាលម្នាក់បាក់ជើងម្ខាង ខណៈចូលទៅឃាត់អ្នកប្រមឹកឈ្លោះគ្នា កាលពីវេលាម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះមានឈ្មោះ សួស សារី ជាមន្ត្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់ខ្សាម មានលំនៅក្នុងមូលដ្ឋានខាងលើ។
ចំណែក ជនសង្ស័យ មានឈ្មោះ ពៅ ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រ៉េត សារ៉ន អាយុ២៩ឆ្នាំ។
អ្នកទាំង២ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំងលោកវរៈសេនីយ៍ឯក ឆាយ ខែមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមហ្វូងអ្នកផឹកស៊ីខាងលើ បាននាំគ្នាផឹកស៊ីស្រវឹង និងមានការទាស់ពាក្យសម្តីគ្នា ដោយភាគីម្ខាងបានយកបំពង់ទីប វ៉ៃទៅលើភាគីម្ខាងទៀត ដែលផឹកស៊ីជាមួយគ្នា ។
ពេលនោះ ជនរងគ្រោះជាមន្ត្រីនគរបាល ដែលចូលទៅឃាត់ ក៏ត្រូវជនដៃដល់យកដែកបំពង់ទីប ព្រួតវាយជនរងគ្រោះ បណ្តាលឲ្យបាក់ជើងខាងស្តាំម្ខាង។
ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ចំណែក ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង៕