លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃច័ន្ទថា មូលហេតុដែលមន្រ្តីមិនអាចពិនិត្យរកឃើញវីរុសកូរ៉ូណានៅលើខ្លួនបុរសជនជាតិចិនឈ្មោះ ចា ជិនហួរ នៅកន្លែងម៉ាស៊ីនស្កែនរកមេរោគក្នុងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ គឺដោយសារការធ្វើដំណើរដល់កម្ពុជាភ្លាមរបស់បុរសជនជាតិរូបនោះមិនទាន់បានចេញរោគសញ្ញានៅឡើយ។
លោកស្រីថា«គាត់ចូលមកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ គឺនៅថ្ងៃទី២៣ ប៉ុន្តែពេលហ្នឹង គាត់អត់ទាន់មានរោគសញ្ញាអីទេ ហើយក៏អត់មានក្ដៅខ្លួនដែរ។ ហើយអ៊ីចឹង! ប្រសិនបើគាត់អត់ទាន់មានក្ដៅខ្លួនទេ ម៉ាស៊ីនស្កែនកម្ដៅហ្នឹង ក៏អាចចាប់អត់បាន(វីរុសកូរ៉ូណា)ដែរ»។
ការលើកឡើងរបស់លោកស្រីនេះ គឺបន្ទាប់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាសនៅម៉ោង៧ល្ងាចថ្ងៃច័ន្ទនេះថា វីរុសនេះត្រូវរកឃើញនៅលើជនជាតិចិនម្នាក់ឈ្មោះ ចា ជិនហ៊ួរ អាយុ៦០ឆ្នាំ ដែលបានធ្វើដំណើរជាមួយគ្រួសារចំនួន៣នាក់ទៀត ចេញពីទីក្រុងវូហានប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ។
លោកបន្តថា ក្រុមជនជាតិចិនទាំងនេះ បានចូលមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣មករានេះ ហើយលោក ចា ជិនហួរ បានចេញរោគសញ្ញាគ្រុនក្ដៅ និងហៀរសម្បោរនៅថ្ងៃទី២៥ ហើយលទ្ធផលធ្វើតេស្ដបានបង្ហាញនៅថ្ងៃទី២៧ថា គឺបានឆ្លងវីរុសកូរ៉ូណាថ្មី។
លោកបន្តថា លោក ចា ជិនហួរ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាមួយគ្រួសារចំនួន៣នាក់ទៀត គឺទីមួយឈ្នោះលោកស្រី វ៉ាង លីងជេន អាយុ៥៧ឆ្នាំ លោក សៅ យ៉ាន់ អាយុ៣៨ឆ្នាំ និងលោកស្រី ចា រ៉ុយស៊ន់ អាយុ៣៣ឆ្នាំ។ ប៉ុន្តែលោក ម៉ម ប៊ុនហេង អះអាងថា ក្នុងចំណោមជនជាតិចិនទាំង៤នាក់នេះ គឺមានតែលោក ចា ជិនហួរ ម្នាក់ប៉ុណ្ណោះ ដែលធ្វើតេស្ដបង្ហាញថាបានឆ្លងវីរុសកូរ៉ូណា។
លោកថា«ជនជាតិចិនទាំងនេះ បានធ្វើដំណើរតាមជើងយន្តហោះត្រង់ពីទីក្រុងវូហានប្រទេសចិន ចូលមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនៅថ្ងៃទី២២មករា។ បន្ទាប់មក បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋានគារឯករាជ្យចំនួន២យប់ និងបានបន្តស្នាក់នៅសណ្ឋានគារqueenco Hotel ក្រុងព្រះសីហនុដដែលនៅថ្ងៃទី២៥។ នៅរសៀលថ្ងៃទី២៥ដដែល លោក ចា ជិនហួរ បានចុះលេងទឹកអាងចំនួន២ម៉ោង រួចក៏កើតមានអាការៈគ្រុនក្ដៅ។ ល្ងាចថ្ងៃដដែល ភរិយារបស់គាត់បានតេទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិននិងបានប្រាប់ថា ប្ដីរបស់នាងក្ដៅខ្លួន»៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas