អាជ្ញាធរជាតិអប្សរាបានបានបញ្ជាក់ថា ខ្លួនកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។ នេះបើទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចេញផ្សាយនៅថ្ងៃទី១៤មករា។
ការសន្យាដាំស្មៅឱ្យរមណីយដ្ឋានអង្គរក្លាយជាតំបន់បៃតងវិញនេះ បន្ទាប់ពីរយៈប៉ុន្មានថ្ងៃមកនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានថតបង្ហោះ និងរិះគន់អំពីទិដ្ឋភាពក្រៀមក្រោះ នៃវាលស្មៅនៅជុំវិញប្រសាទអង្គរវិញ។
ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានអះអាងថា កន្លងមកអាជ្ញាធរអប្សរាបានខិតខំក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។
លោកបញ្ជាក់ទៀតថា អ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគត គឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។
លោកបន្ថែមថា ដោយឡែកអំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២។
លើសពីនេះទៀត អាជ្ញាធរជាតិអប្សរា ក៏រៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕
ផ្ដល់សិទ្ធិដោយ KhmerNas