មហាសេដ្ឋីស៊ូស៊ីជប៉ុនម្នាក់ បានចំណាយប្រាក់ចំនួន១លាន៨សែនដុល្លារ ដើម្បីទិញត្រីធូណាដ៏ធំមហិមាមួយក្បាល នៅឯការដេញថ្លៃឆ្លងឆ្នាំថ្មីមួយ នៅផ្សារត្រីតូយ៉ូហ្សូរបស់ទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។
ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា លោក គីយ៉ូស៊ី គីមួរ៉ា (Kiyoshi Kimura) ដែលហៅខ្លួនឯងថាជា «ធូណាឃីងឬមានន័យថាស្ដេចត្រីធូណា) និងជាអ្នកបើកភោជនីយដ្ឋានស៊ូស៊ីហ្សូណា បានចំណាយប្រាក់ប្រហែល១,៨លានដុល្លារ សម្រាប់ទិញត្រីធូណាខៀវដែលមានទម្ងន់២៧៦គីឡូក្រាម។
ទូរទស្សន៍ NHK បានបញ្ជាក់ថា ការទិញត្រីធូណារបស់លោកគីមួរ៉ានេះ ទោះបីថ្លៃណាស់ ក៏ប៉ុន្តែមិនមែនជាតម្លៃខ្ពស់បំផុតដែលបានចំណាយសម្រាប់ត្រីធូណាឡើយ។ នៅឯការដេញថ្លៃកាលពីឆ្នាំមុន ពាណិជ្ជកររូបនេះ បានចំណាយប្រាក់ខ្ពស់បំផុតចំនួន៣,១លានដុល្លារ សម្រាប់ទិញត្រីទម្ងន់៦១២ផោន។
លោក គីមួរ៉ា បាននិយាយនៅក្នុងការដេញថ្លៃនោះថា ត្រីនេះគឺជាពិតជាថ្លៃណាស់ ប៉ុន្តែលោកចង់ឱ្យអតិថិជនបានបរិភោគត្រីឱ្យបានឆ្ងាញ់ម្ដងនៅឆ្នាំនេះ។
យោងតាមមូលនិធិសត្វព្រៃពិភពលោកបានឱ្យដឹង Bluefin គឺជាត្រីធូណាធំជាងគេហើយអាចរស់នៅបានរហូតដល់៤០ឆ្នាំ។ ពួកវាគឺជាប្រភេទសត្វដែលជិតផុត ដែលអាចបំផ្លាស់ទីឆ្លងកាត់មហាសមុទ្រ ហើយពួកវាអាចមានទំងន់១៥០០ផោន និងមានប្រវែង១០ហ្វីត៕
ផ្ដល់សិទ្ធិដោយ៖ KhmerNas