header ads

Sponsor

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅមានកំណើន៧ភាគរយ នៅក្នុងឆ្នាំ២០២០នេះ បើទោះបីជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ក្តី។  ធនាគារជាតិ ព្យាករបែបនេះ នៅក្នុងរបាយការណ៍ស្ដីពី«វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០» ដែលចេញផ្សាយនៅថ្ងៃទី២ខែមករា ។

ធនាគារជាតិ បានចេញផ្សាយពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២០ ដែលភ្ជាប់ក្តីរំពឹងថាអាចសម្រេចបានក្នុងរង្វង់៧ភាគរយ ជាមួយកម្រិតអតិផរណាប្រមាណ២,៣ភាគរយ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្ដល់ភាពអំណោយផលដល់ការនាំចេញ ការវិនិយោគ និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងកំណែទម្រង់ស៊ីជម្រៅ សម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ធនាគារជាតិ បានរំពឹងថា ការនាំចេញនឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសទំនិញសម្រាប់ធ្វើដំណើរ(Travel Goods) ទំនិញកម្មន្តសាលផ្សេងៗ ទោះបីកំណើននាំចេញសម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។

បន្ថែមពីនេះធនាគារជាតិ បានសង្កត់ធ្ងន់ថា ទោះបីជាសហភាពអឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms) ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ក្តី ប៉ុន្តែការនាំចេញសម្លៀកបំពាក់របស់កម្ពុជា ត្រូវបានគេរំពឹងថា នៅតែមានកំណើន។

របាយការណ៍របស់ធនាគារជាតិ បានសរសេរដូច្នេះថា៖«យន្តការនៃការដកEBA ពេញលេញនឹងត្រូវអនុវត្តនៅ៦ខែពីការសម្រេចរបស់សហភាពអឺរ៉ុប ហើយកម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជាEBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់EBA គ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់០,១ភាគរយ ទៅ១២,៥ភាគរយ ទៅតាមប្រភេទទំនិញ»។

ប៉ុន្តែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុប មកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប ក៏នៅតែមានកំណើនផងដែរ។ ជាពិសេសក្រោយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន២០ភាគរយនៃការនាំចេញទៅសហភាពអឺរ៉ុប។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩ បន្តរឹងមាំក្នុងអត្រា ៧,១ ភាគរយ ដែលគាំទ្រដោយកំណើននាំចេញ ជាពិសេសផលិតផលកាត់ដេរ កំណើនវិស័យសំណង់ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននាំចូលសម្ភារសំណង់ និងកំណើនក្នុងវិស័យទេសចរណ៍ ជាពិសេសតំបន់ឆ្នេរនិងក្នុងគោលបំណងធ្វើធុរកិច្ច។

សេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល សំណង់និងអចលនទ្រព្យ។ ចំណែកកំណើនវិស័យកសិកម្មបន្តមានអត្រាទាបនិងបានថយចុះ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចផងដែរ។នេះបើតាមការប៉ាន់ស្មានរបស់ធនាគារជាតិ៕

ផ្ដល់សិទ្ធិដោយ៖ KhmerNas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post