header ads

Sponsor

កាលពីថ្ងៃទី 30 ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺម៉ូដែល vivo V17 នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន vivo ជាច្រើនរូប។

អ្វីដែលពិសេស គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដែលជាតំណាងចែកចាយ និងម្ចាស់ហាងលក់ទូរស័ព្ទធំៗមកពីគ្រប់តំបន់ទូទាំងប្រទេសថែមទៀតផង។ នៅក្នុងពិធីបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានវត្តមានតារាតំណាងផលិតផល រួមនឹង KOL របស់ស្មាតហ្វូននេះ ជាច្រើនរូបផងដែរ ក្នុងនោះរួមមានដចជា លោក ព្រាប សុវត្ថិ ដែលជាតារាចំរៀងដ៏ល្បីនៃប្រទេសកម្ពុជា កញ្ញា ឡូរ៉ា ម៉ម តារាចំរៀងប៉ុបដ៏ល្បីប្រចាំកម្ពុជា, លោក រៀនថត, លោក យ៉ារ៉ូ, កីឡាករ ឈិន ឈឿន រហ័សនាមកំពូលល្បឿនរបស់ជំរើសជាតិកម្ពុជា រួមជាមួយនឹងកំពូលតារាម្ញិកម្ញក់គួរអោយស្រឡាញ់របស់ខ្មែរយើង គឺ កញ្ញា គៀត សុវណ្ណឡាង ផងដែរ។ តាមការបញ្ជាក់របស់ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo ប្រចាំនៅកម្ពុជា បនបញ្ជាក់ថា vivo V17 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយ ដែលត្រូវបានក្រុមហ៊ុនធ្វើការសម្រិតសម្រាំងផលិតឡើងយ៉ាងពិសេសជាមួយនឹងការរចនារូបរាងបែបប្រណិត ដំឡើងនូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មី កំលាំងម៉ាស៊ីនថ្មី បំពាក់នូវអេក្រង់ថ្មី រួមនឹងចំនុចពិសេសៗដ៏សម្បូរបែបឯទៀតសម្រាប់ការប្រើប្រាស់លេងកម្សាន្ត បើយើងនិយាយពីការរចនារូបរាងខាងក្រៅរបស់ V17 មានតួរខ្លួនស្រោបដោយកញ្ចក់មុខក្រោយ។

ចំនុចដែលថ្មីបំផុតនៅលើខ្លួនរបស់ V17  ដែលខុសពីស្មាតហ្វូន vivo ម៉ូដែលផ្សេងនោះគឺការឌីហ្សាញ់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងជាចតុកោងដាំបញ្ឈរនៅជិតគែមខាងឆ្វេងរំលេចដោយកែវលែនកាមេរ៉ាចំនួន 4 គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់ដែលមើលទៅប្លែក និងទាក់ទាញភ្នែកម៉្យាងដែរ។ ប្រធានផ្នែកផលិតផលរូបនេះ បានបន្តថា ស្មាតហ្វូន vivo V17 ប្រើបន្ទះអេក្រង់ Super AMOLED ហើយអេក្រង់ប្រភេទនេះ បើហៅតាមភាសាបច្ចេកវិទ្យាគឺ Punch-Hole Display មានទំហំ 6.44 អ៊ីងប្រើខ្នាត 20:9 Aspect Ratio ជាមួយផ្ទៃបង្ហាញចេញសរុបប្រមាណជា 91.38% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល និងមានភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌កម្រិត 100% DCI-P3 Color Gamut ដែលជួយធ្វើអោយផ្ទៃអេក្រង់របស់វាបង្ហាញរូបភាព និងវីដេអូចេញមកបានច្បាស់ដិតស្រទន់ត្រជាក់ភ្នែកគ្រប់ផ្នែក ហើយក៏ជួយអោយការទស្សនា នៅក្រោមពន្លឺថ្ងៃខ្លាំងបានច្បាស់ល្អថែមទៀតផង។ 

vivo V17 មានកញ្ចប់លែនកាមេរ៉ា 4 គ្រាប់ដែលជាលែន AI ដែលធ្វើអោយការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 ដែលអាចផលិតសាច់រូបភាពបានទំហំ  0.8µm ភ្ជាប់នូវមុខងារ PDAF សម្រាប់រក្សាលំនឹង និងគណនាប្លង់។

លែនដើមទំហំ 48MP នេះមានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អគ្រប់ប្លង់ជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិពិតៗ។កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វាគឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps ប៉ុន្តែវាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។ បន្ថែមពីនេះ វាក៏មានសមត្ថភាពអាចធ្វើការទាញប្លង់ថតមកជិតបាន 10 ដងបែប Digital Zoom ថែមទៀតផង។ 

 សម្រាប់កាមេរ៉ាគ្រាប់ទី 3 គឺជា Super-wide lens មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 ដូចគ្នាដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុដែលនៅគៀកបំផុតក្នុងរយះចំងាយ 4cm ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។ 

 កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.0 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ ប្រធានផ្នែកផលិតផលស្មាតហ្វូន vivo  រូបនេះ បានបន្ថែមថា vivo V17 រត់នៅលើបន្ទះឈីប Snapdragon 675 AIE-11nm  ជាមួយរ៉េមទំហំ 8GB ប្រើអង្គក្រាហ្វិច Adreno 612 និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 256GB ជាមួយ microSD។

បន្ទះឈីប Snapdragon 675 AIE-11nm នេះប្រើប្រាស់អង្គគណនាចំនួន 8 គ្រាប់ដែលដើរលើប្រព័ន្ធ Kryo 460 ចែកកំលាំងរត់ជាពីរផ្នែកផ្សេងគ្នាគឺ 2 គ្រាប់ហៅថា “Dual-core Kryo 460 Gold” មានកំលាំងរត់ 2.0GHz សម្រាប់ប្រតិបត្តិការនៅពេលប្រើការបែបធ្ងន់ដូចជាលេងហ្គេម និងដំណើរការប្រព័ន្ធកាមេរ៉ាថតរូបជាដើម រីឯ 6 គ្រាប់ទៀតហៅថា “Hexa-Core Kryo 460 Silver” មានកំលាំងរត់ 1.7GHz សម្រាប់ប្រតិបត្តិការការងារប្រើប្រាស់បែបស្រាលៗទូទៅទាំងឡាយ។ជាមួយគ្នានេះដែរ vivo ក៏បានភ្ជាប់មកជាមួយនូវមុខងារជំនួយល្បឿនប្រតិបត្តិការរបស់ម៉ាស៊ីនដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បីអោយកំលាំងម៉ាស៊ីនរបស់វាកាន់តែមានសន្ទុះខ្លាំងក្លាថែមមួយកម្រិតទៀតសម្រាប់ការលេងហ្គេម។

ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0 Pie។ vivo V17 មានថ្មប្រភេទ Li-Po ទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅបានជាងមួយថ្ងៃដោយឥតបញ្ហា។

ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។ចំពោះការសម្ពោធជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជា ស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 369 ដុល្លា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post