ភ្នំពេញ ៖ ប្រទេសស្វីស ប្រកាសថា នឹងបន្តផ្តល់ថវិកា ១២លានដុល្លារអាមេរិក ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ឋា ក្នុងរយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខ។
ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វ៊ីសប្រចាំកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស បានបន្ដគាំទ្រថវិកាប្រមាណ១២លានដុល្លារអាមេរិក ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ខាងមុខ ដើម្បីជួយទ្រទ្រង់ដល់ការព្យាបាលកុមារនៅកម្ពុជា។ បើតាមការបញ្ជាក់របស់ ឯកឧត្តម កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស ក្រោយជំនួបទ្វេភាគីរវាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស្វ៊ីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស។
លោកជំទាវ Helene បានគូសបញ្ជាក់ថា ក្រៅពីកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យជាច្រើនជាមួយកម្ពុជា រដ្ឋាភិបាលស្វ៊ីស បានជួយឧបត្ថម្ភគាំទ្រក្នុងវិស័យសុខាភិបាល ដោយផ្តោតទៅលើមន្ទីរពេទ្យគន្ធបុប្ផា ដែលគិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសស្វ៊ីស បានគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា គិតជាថវិកាប្រមាណជា៦០លានដុល្លារអាមេរិក។
លោកជំទាវបានបន្ដថា រដ្ឋាភិបាលស្វ៊ីសបានផ្ដោតសំខាន់ទៅលើវិស័យសុខាភិបាលដែលជួយទៅលើសុខភាពកុមារ សុវត្ថិភាពស្បៀង និងវិស័យកសិកម្ម។ ចំពោះវិស័យសុខាភិបាលនៅកម្ពុជា ស្វ៊ីសនៅតែបន្តគាំទ្រដល់ថវិកាប្រចាំឆ្នាំចំនួន៤លានហ្វ្រង់ស្វីស គឺស្មើនឹង៤លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីជាបច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគ្រប់គ្រងដោយវេជ្ជបណ្ឌិត ជនជាតិខ្មែរក៏ដោយ។
ជាឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វ៊ីស ដែលបានផ្តល់ជំនួយដល់វិស័យបោសសម្អាតមីន និងជំនួយអភិវឌ្ឍន៍ជាច្រើនទៀតដល់កម្ពុជា ព្រមទាំងបានបន្ត និងជំរុញបង្កើនទំហំពាណិជកម្ម នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ នៅក្នុងឆ្នាំ២០២០នេះ៕
ផ្ដល់សិទ្ធិដោយ៖khmernas