បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងព្រះពុទ្ធសាសនា។
ប្រជាជនខ្មែរយើងភាគច្រើន ដែលជាពុទ្ធសាសនិក តែងតែបានប្រារព្ធធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយនៅក្នុង ថ្ងៃ១៥កើត ពេញបូណ៌មី នៅក្នុងខែមាឃ។
ក្នុងឱកាសនេះដែរ ឯកឧត្តម វិល្លាម លើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជាពិតជាបានដេីរតួយ៉ាងសំខាន់ក្នុងការចូលរួមលេីវិស័យសង្គម រួមមានការអប់រំ និងមនុស្សធម៌។
ដោយឡែកនៅកម្ពុជាក្រោម ព្រះពុទ្ធសាសនាបានដេីរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនបណ្ដុះបណ្ដាលនូវធនធានមនុស្ស រួមទាំងអក្សរសាស្ត្រជាពិសេសជាមូលដ្ឋានមួយសម្រាប់ដាស់ស្មារតីពលរដ្ឋកម្ពុជាក្រោមអោយស្គាល់ពីអត្តសញ្ញាណរបស់ខ្លួន។
សូមជម្រាបឲ្យដឹងថា ពាក្យ «មាឃ» គឺជាឈ្មោះខែមួយតាមប្រតិទិនចន្ទគតិ។ ឯពាក្យ «បូជា» ប្រែថា ការថ្វាយ ការប្រគេន ការជូន ឬការប្រតិបត្តិតាម។ រួមទាំងពីរមក «មាឃបូជា» គឺមានន័យថា «ការបូជានៅក្នុងខែមាឃ»។
ពុទ្ធសាសនិកក្នុងលោកបានប្រារព្ធធ្វើពិធីមាឃបូជានៅក្នុងថ្ងៃទី ១៥កើត ខែមាឃជារៀងរាល់ឆ្នាំ។