![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjigZM-CVnrb9W88IzI-6GlyLBpYC_A8nnomo4M2PDzxQ9bqEcvcg0smik8_EePdDgnD_Jopg8QjnCKSkoQmD7XiMEp-rFNrJppjRnQAJ4aH9RywcWyA97EJ1PpG9FVz5MW6Ld79D_4JXHu/s1600/photo_2020-02-03_22-18-34.jpg)
លោក លី សូវ៉ាន់ មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានតាមបញ្ជាក់នៅហ្វេសប៊ុកនៅថ្ងៃនេះថា ជនជាតិចិនចំនួន៣នាក់ ដែលត្រូវបានកាសែតចិនរាយការណ៍ថា បានឆ្លងវីរុសកូរ៉ូណាក្រោយពីចាកចេញពីកម្ពុជា គឺមិនមែនឆ្លងនៅកម្ពុជានោះទេ ប៉ុន្តែបានឆ្លងបន្ទាប់ពីពួកគេបានទៅដល់ប្រទេសចិនវិញ។
លោកថា«ករណីអ្នកដំណើរចិនជិះយន្តហោះចាកចេញពីប្រទេសកម្ពុជា កាលពីអាទិត្យមុន ពួកគាត់មិនមានរោគសញ្ញា និងមិនមានមេរោគកូរ៉ូណាវីរុសទេ។ ដូច្នេះមានន័យថា ពួកគាត់ពុំមានជំងឺនេះទេ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា។ ពេលគាត់ត្រឡប់ទៅដល់ប្រទេសចិនជាច្រើនថ្ងៃ មានជនជាតិចិនម្នាក់ឆ្លងជំងឺនេះ»។
លោកបន្ថែមថា«គាត់ប្រាកដជាចំលងមេរោគនៅទីនោះ មិនមែនឆ្លងពីកម្ពុជាទេ ព្រោះថាសមាជិកគ្រួសារអ្នកជំងឺ៣នាក់ ដែលរស់នៅជិតស្និទ្ធបំផុតជាមួយអ្នកជំងឺវិជ្ជមានដោយកូរ៉ូណាវីរុស មិនមានវិជ្ជមានមេរោគនេះទេហើយពួកគាត់កំពុងស្នាក់នៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុនៅឡើយ។ មន្រ្តីជំនាញនៅបន្តតាមដានសុខភាពពួកគាត់ចំនួន១៤ថ្ងៃក្រោយប៉ះពាល់អ្នកជំងឺចុងក្រោយ»។
កាសែតចិន The Cambodia China Time បានចុះផ្សាយនៅថ្ងៃទី៣កុម្ភៈថា ជនជាតិចិនចំនួន៣នាក់ ដែលបានរួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ ដែលបានរកឃើញថាឆ្លងវីរុសកូរ៉ូណាដំបូងនៅកម្ពុជាស្ថិតក្នុងខេត្តព្រះសីហនុ គឺបានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីជនជាតិចិនទាំង៣នាក់ បានធ្វើដំណើរត្រឡប់ទៅចិនវិញ៕
ផ្ដលសិទ្ធិដោយ៖ Khmernas