នៅថ្ងៃច័ន្ទទី៣កុម្ភៈ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានទទូចឱ្យពលរដ្ឋហ្វីលីពីនទាំងអស់ បញ្ឈប់ការស្អប់ខ្ពើមជនជាតិចិន ទាក់ទងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីដែលមានប្រភពចេញពីទីក្រុងវ៉ូហានប្រទេសចិនកាលពីខែធ្នូ និងកំពុងបន្តធ្វើឱ្យមនុស្សស្លាប់កើនជាង៣០០នាក់ និងឆ្លងជំងឺជាង១៧.០០០នាក់។
ការផ្ទុះឡើងនៃវីរុសនេះ បានបង្កឱ្យមានការស្អប់ខ្ពើមប្រទេសចិននៅទូទាំងពិភពលោក ដូចជាហាងមួយចំនួន បិទទ្វារមិនស្វាគមន៍ភ្ញៀវទេសចរចិន និងការសើចចំអកតាមអ៊ិនធឺណែតអំពីការលក់ដូរសាច់សត្វកម្រឬសត្វមិនគួរបរិភោគនៅក្នុងប្រទេសចិន ដែលគេយល់ថា គឺជាប្រភពនាំឱ្យមានកើតមានវីរុសកូរ៉ូណាថ្មីជាដើម។
សាកលវិទ្យាល័យអាដាមសុននៅរដ្ឋធានីហ្វីលីពីន បានស្នើឱ្យនិស្សិតចិនទាំងអស់ ត្រូវនៅឱ្យឆ្ងាយពីគេរយៈពេល១៤ថ្ងៃ ដើម្បីជាការប្រុងប្រយ័ត្នអំពីការឆ្លងមេរោគថ្មី។ ប៉ុន្តែការសម្រេចនេះបាននាំឱ្យមានការរិះគន់ហើយបានធ្វើឱ្យសាកលវិទ្យាល័យ ពង្រីកការដាក់ឱ្យនិស្សិតនិងបុគ្គលិកទាំងអស់ ដែលបានធ្វើដំណើរទៅកាន់តំបន់ដែលមានវីរុសរីករាលដាល ត្រូវនៅដាច់ដោយឡែកពីគ្នាគេរយៈពេល១៤ថ្ងៃដូចគ្នាដែរ។
លោក ឌូទើតេ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានជួបជាមួយភ្នាក់ងារនានាលើវីរុសកូរ៉ូណានេះថា«ប្រទេសចិនបានធ្វើល្អចំពោះយើង។ យើងក៏អាចបង្ហាញការអនុគ្រោះដូចគ្នាដល់ពួកគេដែរ។ បញ្ឈប់សកម្មភាពស្អប់ជនបរទេសនេះ»។
ទំនាក់ទំនងចិន-ហ្វីលីពីន តែងតែមានភាពល្អក់កករដោយសារជម្លោះដែនសមុទ្រខាងត្បូង ប៉ុន្តែចំណងទាក់ទងនេះមានភាពកក់ក្តៅវិញ ក្រោមការដឹកនាំរបស់លោក ឌូទើតេ ដែលមិនចង់បង្កឱ្យមានការខឹងសម្បារដល់ទីក្រុងប៉េកាំង ដោយសារចង់ទាញយកប្រាក់កម្ចីនិងការវិនិយោគពីចិន។
លោក ឌូទើតេ បាននិយាយថា«វាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយ។ មិនមែនជនជាតិចិន មិនមែនជនជាតិហ្វីលីពីនហ្វីលីពីន ហើយក៏មិនមែនជានរណាដែរ»។
ប្រទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យថា ស្រ្ដីជនជាតិចិនម្នាក់បានស្លាប់ដោយសារឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសហ្វីលីពីន។ ប្រជាជនហ្វីលីពីន បានស្ដីបន្ទោសលើជនជាតិចិន ជាអ្នកបាននាំយកវីរុសនេះ មកកាន់ប្រទេសរបស់ពួកគេ៕
ប្រភព៖CNA
ផ្ដល់សិទ្ធិដោយ៖ Khmernas