ភ្នំពេញ៖ រដ្ឋាភិបាលបានបង្កើតការងារដល់ពលរដ្ឋប្រមាណ១០លាននាក់ ឬប្រជាពលរដ្ឋកម្ពុជា៩៩,៣% កំពុងមានការងារធ្វើ។ នេះបើតួលេខបង្ហាញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ។
ក្រសួងបញ្ជាក់ថា កម្លាំងពលកម្មសរុបប្រមាណ១០លាននាក់ ក្នុងនោះនៅក្នុងប្រទេសប្រមាណ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្ត្រីសាធារណៈ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង ១,២៨លាននាក់។
តួលេខក្រសួងបញ្ជាក់ទៀតថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានចុះបញ្ជីនៅក្រសួងការងារ សរុបចំនួន១៤០៦០ ដែលមានកម្មករនិយោជិតចំនួន១,៥០លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលបងប្អូនពលករមកពីក្រៅប្រទេសក្នុងមួយឆ្នាំជាង២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង៦,៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas