ព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន មានថេរដីកាប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២១កុម្ភៈថា ព្រៃសហគមន៍សង្ឃរុក្ខវ័នដែលមានទំហំ៣០២៥៤ហិកតា ត្រូវបានភ្លើងឆេះតាំងពីសប្ដាហ៍ទី១ខែកុម្ភៈមក និងឆេះអស់ប្រហែល៧០%។
ព្រះអង្គបន្តថា មូលហេតុនាំឱ្យមានការឆេះព្រៃសង្ឃរុក្ខវ័ន ដែលកំពុងមានសត្វព្រៃប្រហែល៥០ប្រភេទរស់នៅ និងខ្លះជាសត្វជិតផុតពូជផង គឺបង្កឡើងពីអ្នកចូលប្រមូលអនុផលព្រៃឈើ អ្នកនេសាទ និងក្រុមព្រានព្រៃ រួមទាំងជនខិលខូចដែលចង់ផ្ចាញ់ផ្ចាលជាមួយព្រះអង្គ។
ព្រៃសហគមន៍សង្ឃរុក្ខវ័នគឺស្ថិតក្នុងស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ព្រះអង្គ ប៊ុន សាលួត អះអាងថា ភ្លើងឆេះព្រៃក្នុងឆ្នាំនេះ គឺមានទំហំធំជាងឆ្នាំមុន ដែលមានទំហំពី៣០ទៅ៤០%ប៉ុណ្ណោះ៕