header ads

Sponsor

ភ្នំពេញ៖ កម្ពុជាប្រមូលពន្ធអាករគ្រប់ប្រភេទ តាមរយៈប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានជិត២៤០លានដុល្លារអាមេរិក នៅខែមករា ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ កុម្ភៈ។

ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាននោះ មានចំនួន៩៥៦.៧៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ២៣៩.១៩លានដុល្លារអាមេរិក កើនឡើង១២២,៩០ប៊ីលានរៀល (ប្រមាណ៣០,៧៣លានដុល្លារ) ស្មើនឹង១៤.៧៤ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទ អ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ២០២០នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះ អ្នកជាប់ពន្ធធំកើនឡើង ១២.៩៨ភាគរយ, អ្នកជាប់ពន្ធមធ្យមកើនឡើង ៣៩.១២ភាគរយ និងអ្នកជាប់ពន្ធតូច កើនឡើង៦០៧.៩៧ភាគរយ។

សម្រាប់ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ១១,៥៤៣.៣១ប៊ីលានរៀល (ប្រមាណ២ ៨៨៥.៨៣លានដុល្លារអាមេរិក) ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដូចជា ពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី,រៀបចំយន្តការពិនិត្យ និងតាមដានការគេចវេះពន្ធ ចំពោះប្រភេទទំនិញដែលមានហានិភ័យដល់ចំណូលពន្ធមួយចំនួន ជាអាទិ៍ សម្ភារសំណង់ ស៊ីម៉ង់តិ៍ បេតុងនិងប្រេងឥន្ទនៈ,ពង្រឹងការងារចុះបញ្ជីពន្ធដារ ឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរ និងការគ្រប់គ្រងចំណូលពន្ធ មានប្រសិទ្ធភាពខ្ពស់ជាដើម។

លោក គង់ វិបុល បានបញ្ជាក់ដូច្នេះថា៖«គ្រប់អង្គភាពបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានីភ័យនៃម៉ាក្រូសេដ្ឋកិច្ចសាកល និងក្នុងតំបន់ ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែង នៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ»។

បើតាមលោក គង់ វិបុល បានរម្លឹកឱ្យមន្ត្រីពន្ធដារទាំងអស់ ត្រូវគិតគូរទាំងទិដ្ឋភាពពីរ គឺទី១ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងទី២ វិធានការជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផលនិងទាក់ទាញការវិនិយោគ។

អគ្គនាយកដ្ឋានពន្ធដាររូបនេះ ក៏បានប្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្កាទប់ស្កាត់ចំពោះជម្ងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ផងដែរ។ ជាពិសេសសិក្សាអំពីផលប៉ះពាល់ដល់ចំពោះសកម្មភាពសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណានេះ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post