header ads

Sponsor

សម្តេច ហ៊ុន សែន បានផ្ញើសារទៅមន្រ្តីថ្នាក់ក្រោមថា«យើងជាអ្នកបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋទេ ហើយមិនត្រូវពើងទ្រូងដាក់ប្រជាជនឡើយ»។ សម្តេច ថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបន​បត្រជូន​សិស្សសា​លាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០។

សម្តេច មានប្រសាសន៍ដូច្នេះថា« មន្រ្តីត្រូវរត់រកការងារធ្វើ មិនមែនទុកឲ្យការ​ងាររត់ម​ក​រកយើងទេ មានអ្នកខ្លះពេលដែលយើងតែងតាំងទៅ ថាអត់មានការងារធ្វើ បានខ្ញុំភ្ញាក់​ផ្អើលថាអត់មានការងារធ្វើចុះលោកឯងធ្វើអី? ម៉េចក៏មិនរត់ទៅរកការងារធ្វើ ចង់ឲ្យការងាររត់មករកយើងហេ៎?»។

សម្តេចគូសបញ្ជាក់ថា កន្លែងណាមានការលំបាក យើងត្រូវមានវត្តមាននៅ​ទីនោះជា​ចាំបាច់ នេះជាភារកិច្ចដែលយើងត្រូវធ្វើមិនអាចមើលរំលងលើចំណុចនេះបានទេ។

«ខ្ញុំគ្រាន់តែបញ្ជាក់ដល់មន្រ្តីដែលទើបចាប់ផ្តើមដំបូងថា យើងជានរណា យើងជាខ្ញុំបម្រើ​របស់ប្រជាជាន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ហើយអស់លោក​មន្រ្តីទាំ​ងឡា​យ កុំតាំងខ្លួនជាមន្រ្តីជើង ១០ ឲ្យសោះ ត្រូវធ្វើជាមន្រ្តីជើងពីរ បើសិនធ្វើមន្រ្តីជើង១០ អស់លោកគ្មានការងារធ្វើទេ អស់លោក លោកស្រី នឹងក្លាយទៅជាមន្រ្តីឯកោនិយម ដាក់ខ្លួនឲ្យនៅឯកោ»។

សម្តេចពន្យល់ថា មន្រ្តីជើង១០ គឺជើងយើងពីរ ជើងតុ៤ជើងកៅអី៤ទៀត បូកទៅ ១០។ សម្តេចចង់មានន័យថា មន្រ្តីប្រភេទនេះ មិនទៅណាទេ គឺនៅអង្គុយតែកន្លែង៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post