ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រោងចក្រនៅកម្ពុជា និងបណ្ដាប្រទេសលើពិភពលោក នឹងរងផលប៉ះពាល់ ដោយសាររដ្ឋាភិបាលចិនបិទទ្វាររោងចក្រ ហើយផ្អាកដំណើរការនាំចេញវត្ថុធាតុដើម ។ នេះជាការបញ្ជាក់របស់លោក ផៃ ស៊ីផាន នៅក្នុងសន្និសីទកាសែត ស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ កុម្ភៈ។
លោក ផៃ ស៊ីផាន បាននិយាយថា ប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំជាងគេ នៅក្នុងពិភពលោក ដូច្នេះចង់មិនចង់ ប្រទេសដែលបញ្ជាទិញពីចិន គឺត្រូវជួបប្រទះបញ្ហាទាំងអស់គ្នា បូករួមទាំងកម្ពុជាផងដែរ។
អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖«ការបិទរោងចក្រ(ចិន)ទាំងអស់ហ្នឹង នឹងអាចមានផលប៉ះពាល់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាដែរ ដូចជាការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា។ ដូច្នេះរយៈពេលនៃការបិទហ្នឹង ហើយនឹងរយៈពេលនៃការកម្ម៉ង់ទិញ គឺត្រូវការពេលពី៩០ទៅ១០០ថ្ងៃ ដូច្នេះយើង ហើយពិភពលោកមិនទាន់ទទួលបានព័ត៌មានអ្វីឡើយ ដែលជាការឆ្លើយតបពីរោងចក្រដែលផ្ដល់វត្ថុធាតុដើម មកកាន់រោងចក្ររៀងៗខ្លួននៅក្នុងពិភពលោក ក៏ដូចជានៅកម្ពុជាដែរ»។
បើតាមលោក ផៃ ស៊ីផាន លទ្ធផលនៃផលប៉ះពាល់ដល់រោងចក្រនៅកម្ពុជាយ៉ាងណានោះ នឹងលេចចេញជារូបរាងនៅខែមីនាក្រោយនេះ ពោលគឺជាពេលដែលភាគីរោងចក្រចិន ឬរដ្ឋាភិបាលចិន ឆ្លើយតបប្រាប់មកកាន់ខាងម្ចាស់រោងចក្រ ដែលបញ្ជាទិញវត្ថុធាតុដើមពីចិននេះ។ ប៉ុន្តែបើស្ថានភាពវីរុសកូរ៉ូណាប្រភេទថ្មីនេះ នៅបន្តអូសបន្លាយពេលនោះ រោងចក្រនៅកម្ពុជា ទំនងនឹងប្រឈមមុខព្យួរការងារកម្មករបណ្ដោះអាសន្ន ដោយសារបញ្ហាខ្វះវត្ថុធាតុដើមយកមកកែច្នៃប្រើប្រាស់ សម្រាប់ការនាំចេញ។ នេះជាអ្វីដែលអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើង។
អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថាអ្នកស្លាប់ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណា មានចំនួន៩១០នាក់ ខណៈអ្នកឆ្លងវីរុសសរុបជាង៤ម៉ឺននាក់។
ជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសប្រភេទថ្មី ក៏កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភដែរ ខណៈដែល ប្រទេស២៤ផ្សេងទៀត ក្រៅពីចិន និងរដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់ កំពុងមានអ្នកជំងឺកូរ៉ូណាវីរុស។ ប្រទេសទាំងនោះរួមមាន ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម កម្ពុជា ហ្វាំងឡង់ ម៉ាឡេស៊ី បារាំង អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌា ណេប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេស្ប៉ាញ បែលហ្ស៊ិក សិង្ហបុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងអ៊ីតាលី៕
ផ្ដល់សិទ្ធិដោយ៖ khmernas