ភ្នំពេញ៖ មន្ទីរពិសោធន៍របស់ម៉ាឡេស៊ី ដែលបានធ្វើតេស្តលើស្ត្រីអាមេរិក ជាអ្នកដំណើរលើនាវា Westerdam រកវីរុសCOVID-19 នោះ គឺ«មានភាពមិនប្រក្រតី» ឡើយ។ នេះជាការលើកឡើងរបស់លោក លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល នៅហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺ នៅថ្ងៃទី២០ កុម្ភៈ។
លោក លី សុវ៉ាន់ បានបញ្ជាក់ថា ការធ្វើតេស្តរកវីរុសកូរ៉ូណា លើស្រ្តីអាមេរិកវ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរនាវា Westerdam ហើយបានចាកចេញពីកម្ពុជា តាមរយៈជើងហោះហើរទៅម៉ាឡេស៊ី គឺមិនស្របតាមស្ដង់ដាអន្តរជាតិនោះទេ។
ក្រសួងសុខាភិបាល តាមរយៈលោក លី សុវ៉ាន់ បានសរសេរដូច្នេះថា៖«លទ្ធផលមន្ទីរពិសោធន៍វិជ្ជមានលើស្ត្រីជនជាតិអាមេរិកដោយមន្ទីរពិសោធន៍ប្រទេសម៉ាឡេស៊ីមានភាពមិនប្រក្រតី ដែលតម្រូវឱ្យមានការធ្វើតេស្តឡើងវិញ តាមស្តង់ដាអន្តរជាតិ Pasteur CAMBODIA, WHO ឬក៏ USCDC »។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលនេះ គឺយោងតាមលទ្ធផលសិក្សាស្រាវជ្រាវអេពីដេមីសាស្ត្រ, វិធានការអនុវត្តក្នុងការបង្កាវិរុសកូរ៉ូណា និងលទ្ធផលមន្ទីរពិសោធន៍របស់មន្ត្រីជំនាញកម្ពុជាកន្លងមក។ លោក លី សូវ៉ាន់ បានបញ្ជាក់ដូច្នេះថា៖«ទោះបីជាការធ្វើតេស្តមន្ទីរិសោធន៍លទ្ធផលមិនប្រក្រតីក្តី យើងនៅតែបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនបំផុតនូវអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដោយយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លើយតបជំងឺកូរ៉ូណាវីរុស នៅព្រះរាជាណាចក្រកម្ពុជា »។
កាលពីថ្ងៃទី១៥ កុម្ភៈ ប្រទេសម៉ាឡេស៊ីបានប្រកាសថា រកឃើញវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) លើអ្នកដំណើរនៅលើនាវាទេសចរណ៍អាមេរិក Westerdam ជនជាតិអាមេរិកអាយុ៨៣ឆ្នាំម្នាក់ ដែលបានចាកចេញតាមជើងហោះហើរពីកម្ពុជា ទៅម៉ាឡេស៊ី។ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបដិសេធសេចក្តីប្រកាសរបស់ម៉ាឡេស៊ី ដោយស្នើសុំឱ្យមានការពិនិត្យធ្វើតេស្តម្ដងទៀត លើស្ត្រីអាមេរិកវ័យ៨៣ឆ្នាំនោះ ហើយលទ្ធផលក៏នៅតែពិនិត្យឃើញ វិជ្ជមានវីរុសកូរ៉ូណា លើស្ត្រីអាមេរិករូបនេះដដែល៕
ផ្ដល់សិទ្ធិដោយ៖ khmernas