ថ្ងៃស្អែកនេះ (12 កុម្ភ: 2020) EU នឹងធ្វើការសម្រេចិត្តដ៏ធំមួយ អំពីកម្ពុជា។ គណ:កម្មការពាណិជ្ជកម្មសហគមន៍នឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី 12 កុម្ភ: ថាតើត្រូវរក្សាទុក ឬក៏ដក គោលនយោបាយអនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់កម្ពុជា។
សម្រាប់ខ្ញុំ ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងដែលធ្លាប់ត្រូវបានផ្តល់ឱកាសឲ្យបានជួបជជែកផ្ទាល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា ខ្ញុំមានមូលដ្ឋាន និងព័ត៌មានគ្រប់គ្រាន់ល្មម អាចវិភាគ ឬព្យាករណ៍ដឹងអំពីគោលជំហរ និងការសម្រេចិត្តរបស់សហគមន៍អឺរ៉ុប (EU)។ ដូច្នេះព័ត៌មាន ដែលយើងនឹងទទួលបាននៅថ្ងៃស្អែកនេះ ខ្ញុំនឹងគ្មានការភ្ញាក់ផ្អើលអ្វីឡើយ។
មុននឹងយើងវិភាគថាតើ EU នឹងសម្រេចចិត្តបែបណា យើងអាចត្រឡប់ក្រោយបន្តិច ដើម្បីមើលអំពីការទាមទារជាផ្លូវការ របស់សហគមន៍អឺរ៉ុបតាមរយ:សេចក្តីថ្លែងការណ៍នៃអ្នកនាំពាក្យរបស់ EU (ថ្ងៃទី 11 វិច្ឆិកា 2019) ដែលបានបង្ហាញអំពីការចង់បានរបស់ EU ដូចតទៅ៖
1) បើកឲ្យមានលំហនយោបាយទូលំទូលាយ
២) បង្កើតលក្ខខ័ណ្ឌសមប្រកប ដើម្បីឲ្យមានបក្សប្រឆាំង ដែលអាចជឿទុកចិត្តបាន និងដែលមានលក្ខណ:ប្រជាធិបតេយ្យ
៣) ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយ:ការសន្ទនាដោយស្មោះត្រង់ជាមួយគ្រប់ភាគី (geniune and inclusive dialogue)។
៤) ជាពិសេស EU ក៏បានរំលេចយ៉ាងច្បាស់ថា EU រំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងទទួលបានសិទ្ធិធ្វើនយោបាយពេញលេញ ហើយសមាជិកបក្សប្រឆាំងទាំងអស់ ដែលត្រូវតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ រីឯសកម្មជន និងអ្នកគាំទ្រ ដែលត្រូវបានឃុំឃាំង នឹងត្រូវបានដោះលែង។
ដោយពិនិត្យមើលចំណុចទាំងអស់ខាងលើនេះ រួចឆ្លុះបញ្ចាំងការវិវិត្តនៃស្ថានការណ៍នយោបាយចាប់ពី ខែវិច្ឆិកា ២០១៩ រហូតមកដល់ថ្ងៃ ១១ខែកុម្ភ: ២០២០ យើងអាចសន្និដ្ឋានបានថា ថ្វីត្បិតមានការវិវត្តវិជ្ជមានខ្លះ ប៉ុន្តែមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងក្តីរំពឹង និងការទាមទាររបស់ EU នៅឡើយទេ។
ដូច្នេះ EU ដែលជាស្ថាប័នអន្តរជាតិតំណាងឲ្យប្រទេសចំនួន 27 នៅទ្វីបអឺរ៉ុប ពិតជាសម្រេចិត្តដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នខ្លួន បើទោះបីជាខ្លួនមិនចង់ធ្វើដូច្នេះក៏ដោយ។ មិនចង់ព្រោះថា ពលរដ្ឋខ្មែរជាច្រើនលាននាក់ជាអ្នកខាតបង់ផលប្រយោជន៍ និងរងផលប៉ះពាល់ពីការសម្រេចចិត្តនេះ។ ក៏ប៉ុន្តែ EU យល់ឃើញថា ខ្លួនក៏ត្រូវតែរក្សាគុណតម្លៃរបស់ស្ថាប័ន ដែលតំណាងឲ្យពលរដ្ឋសហគមន៍អឺរ៉ុបទាំង 27 ប្រទេសដែរ។ ហេតុនេះ ខ្ញុំ ព្យាករណ៍ថា EU ប្រហែលមិនអាចបន្តផ្តល់ EBA ឲ្យកម្ពុជាដូចសព្វថ្ងៃនេះតទៅទៀតទេ។
ទោះជាយ៉ាងនេះក្តី អ្នកតស៊ូមតិ ដើម្បីការពារផលប្រយោជន៍កម្ពុជា នៅមានសង្ឃឹមថា EU នឹងពិចារណារផ្លូវកណ្តាលមួយ គឺ EU អាចរក្សាចំណែកខ្លះ ឬផ្នែកខ្លះ ទៅលើផលិតផល និងទំនិញ ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ឬអាចនិយាយបានថា អាចនឹងរក្សាភាគរយនៃកម្ចប់អនុគ្រោះពន្ធ ឬហៅម្យ៉ាងទៀតថា ដកខ្លះ ទុកខ្លះ (Partial Withdrawal)។
ខ្ញុំក៏សង្ឃឹមថា EU នឹងនៅតែផ្តល់ឧ៌កាសឲ្យកម្ពុជាអាចទទួលបាន EBA មកវិញទាំងមូល ក្រោយពេល ដែលមានការវិត្តន៍វិជ្ជមានបន្ថែម ដែលឆ្លើយតបទៅនិងលក្ខខណ្ឌ ឬក្តីរំពឹងរបស់ EU ជុំវិញស្ថានការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបរិយាកាស និងលក្ខខណ្ឌ័សមប្រកប សម្រាប់ធានាឲ្យមាន ការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខ។
ចំំណុចមួយដែលសំខាន់ដែរនោះ គឺថាកម្ពុជាបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាសុី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ពោលគឺនៅសល់តែ ៩ ខែទៀតប៉ុណ្ណោះ។ ដូច្នេះការវិវត្តវិជ្ជមានគួរត្រូវបានពន្លឿន ដើម្បីឲ្យកម្ពុជាអាចទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីអឺរ៉ុបដោយមោទន:ភាព ឬដោយពេញមុខមាត់ ផង និងដើម្បីឲ្យភ្ញៀវដែលមានឋាន:ខ្ពស់ មកពីសហគមន៍អឺរ៉ុបមានការពេញចិត្តមកចូលរួមប្រជុំផងដែរ។
ខ្ញុំសូមឲ្យបងប្អូនជនរួមជាតិខ្មែរ ត្រៀមចិត្ត និងត្រៀមកាយ កុំតក់ស្លុត ហើយបន្តដំណើរទៅមុខជានិច្ច៕
ផ្ដល់សិទ្ធិដោយ៖Khmernas