លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានការិយាល័យអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា វីរុសកូរ៉ូណា គឺជាសត្រូវរួមរបស់ពិភពលោក និងកំពុងធ្វើឱ្យសាធារណៈជនភាគច្រើន ភ័យខ្លាចនិងស្លន់ស្លោដោយសារវីរុសនេះ។
លោកបានបន្តថា អង្គការសុខភាពពិភពលោកបានប្រកាសឱ្យប្រទេសជារដ្ឋសមាជិក រួមទាំងកម្ពុជាផង ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃវីរុសនេះ។ លោកស្រីបន្តថា ប្រទេសកម្ពុជានៅតែប្រឈមនឹងហានិភ័យយ៉ាងហោចណាស់ចំនួន២ គឺការនាំចូលវីរុសនេះពីក្រៅប្រទេស និងការឆ្លងរាលដាលនៅក្នុងប្រទេសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោកស្រីថា«យើងមានសត្រូវរួម គឺវីរុសកូរ៉ូណាប្រភេទថ្មី ដែលមិនមែនជាសត្រូវសម្រាប់អ្នកដែលបានឆ្លងវាទេ ហើយក៏មិនមែនសម្រាប់ប្រទេសកម្ពុជា ចិន និងប្រទេសជាង២០នៅក្នុងពិភពលោក ដែលបានរាយការណ៍អំពីករណីវីរុសនេះដែរ។ ខ្ញុំបានដឹងយ៉ាងច្បាស់ អំពីការព្រួយបារម្ភនិងភ័យស្លន់ស្លោបស់មន្រ្តីសុខាភិបាល និងសាធារណៈជនភាគច្រើន នេះគឺជាមិនមែនរឿងធម្មតានោះទេ ហើយប្រទេសជាច្រើនក៏កំពុងប្រឈមនឹងបញ្ហានេះស្រដៀងគ្នាដែរ»។
លោកស្រីបន្ថែមថា«ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ អំពីការប្រកាសរបស់អង្គការសុខភាពពិភពលោក នូវភាពអាសន្នសុខភាពសាធារណៈ ជាក្ដីព្រួយបារម្ភនៅទូទាំងពិភពលោក។ រាល់សមាជិកទាំងអស់ ត្រូវបានលើកទឹកចិត្ត រួមទាំងប្រទេសកម្ពុជាដែរ។ ទៅពេលខាងមុខ ពួកយើងនៅតែបន្តប្រឈមនឹងសេនារីយោយ៉ាងហោចណាស់ចំនួន២ ទី១កម្ពុជានៅតែអាចជួបករណីនាំចូលវីរុសកូរ៉ូណាបន្ថែម ទី២ការរាលត្បាតនៅក្នុងប្រទេស ដូច្នេះអ្នកទាំងអស់ ត្រូវត្រៀមខ្លួនចំពោះការប្រឈមទាំងពីរនេះ។ យើងសង្ឃឹមថា វានឹងប្រសើរ ប៉ុន្តែត្រូវត្រៀមខ្លួនសម្រាប់ការកើតមានករណីធ្ងន់ធ្ងរ»។
ការប្រកាសនេះ បន្ទាប់ពីលោកស្រីបានអញ្ជើញចូលរួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម សំហេង និងមន្រ្តីរដ្ឋាភិបាលមួយចំនួនទៀត ទៅទទួលស្វាគមន៍បុរសជនជាតិចិន ដែលបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទទី១០កុម្ភៈនេះ បន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ដើម្បីព្យាបាលវីរុសកូរ៉ូណានៅមន្ទីរពេទ្យខេត្តព្រះសីហនុ៕
ផ្ដល់សិទ្ធិដោយ៖ Khmernas