header ads

Sponsor

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថារោងចក្រនៅកម្ពុជាមួយចំនួន អាចនឹងត្រូវបិទទ្វារបណ្ដោះអាសន្ននៅពេលខាងមុខ ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិន ដូច្នេះមិនមែនមកពីបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ(Everything But Arms)នោះទេ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជំងឺរលាកសួត នៃវីរុសកូរ៉ូណា ដែលមិនអាចនាំចេញផ្គត់ផ្គង់ទៅបណ្ដាប្រទេសជុំវិញពិភពលោកបាន។ ហេតុនេះហើយទើបរោងចក្រនៅកម្ពុជា ក៏មិនអាចផលិតវត្ថុប្រើប្រាស់បានដែរ ដោយសារតែខ្វះវត្ថុធាតុដើម។ ជាមួយគ្នានេះនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើឱ្យកម្មកររោងចក្រដែលប្រឈមមុខនឹងការព្យួរការងារអំឡុងខែមីនាខាងមុខនេះ កុំមានការតក់ស្លុតលើបញ្ហាបិទទ្វាររោងចក្រនេះ។ បើតាមសម្ដេច ហ៊ុន សែន វិស័យកាត់ដេរនៅកម្ពុជា នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារខ្វះក្រណាត់នាំចូលពីចិន។

ទន្ទឹមនឹងនេះប្រមុខរដ្ឋាភិបាល ក៏បានពន្យល់ពលរដ្ឋថា បញ្ហាផ្អាកដំណើរការរោងចក្រមួយរយៈពេលនេះ មិនមែនមកពីការដកប្រព័ន្ធអនុគ្រោះពន្ធទេ ប៉ុន្តែគឺមកពីបញ្ហាផ្ទុះវីរុសកូរ៉ូណា នៅប្រទេសចិន។សម្តេចនាយករដ្ឋមន្រ្តី បានអះអាងដូច្នេះថា៖« បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។

សម្ដេច ហ៊ុន សែន បានបន្ថែមថា ការបាត់បង់EBA វាគ្រាន់តែធ្វើឱ្យកម្ពុជា បាត់បង់ផលចំណេញពីការអនុគ្រោះពន្ធប៉ុណ្ណោះ ប៉ុន្តែមិនមែនបាត់បង់ទីផ្សារអឺរ៉ុបនោះទេ។ «មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ។ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។

ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បើសហភាពអឺរ៉ុប ដកEBA ពីកម្ពុជានោះ កម្ពុជានឹងត្រូវអនុវត្តនីតិវិធីបង់ពន្ធ នៅអំឡុងពេល៦ខែក្រោយ នៃការសម្រេចនេះ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុប នឹងចេញសម្រេចចុងក្រោយលើការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)នៅថ្ងៃទី១២ កុម្ភៈ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post