រដ្ឋាភិបាលប្រទេសស៊ូដង់ នឹងប្រគល់អតីតប្រធានាធិបតីលោក អូម៉ាអាល់ បាសៀរ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ អតីតប្រធានាធិបតីរូបនេះ ប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ជុំវិញជម្លោះដែលបានផ្ទុះឡើងនៅក្នុងតំបន់ដាហ្វួររបស់ប្រទេសនេះក្នុងឆ្នាំ២០០៣។
លោកត្រូវបានទម្លាក់ចេញពីតំណែងជាប្រធានាធិបតីនៅខែមេសាឆ្នាំ២០១៩។ គាត់បានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារយោធាមួយនៅឆ្នាំ១៩៨៩ និងបានគ្រប់គ្រងប្រទេសស៊ូដង់ដោយប្រើកណ្ដាប់ដៃដែក។
ព្រះរាជអាជ្ញាអាយស៊ីស៊ីនៅទីក្រុងឡាអេ បានស្នើសុំឱ្យគាត់ចូលរួមជំនុំជម្រះលើការសម្លាប់មនុស្សនៅតំបន់ដាហ្វួរ។ អង្គការសហប្រជាជាតិនិយាយថា មនុស្សប្រហែល៣០០.០០០នាក់ ត្រូវបានសម្លាប់ និង២,៥ លាននាក់បានផ្លាស់ទីលំនៅក្នុងសង្គ្រាមនេះ។
តុលាការក្នុងប្រទេសស៊ូដង់ ក៏បានចោទប្រកាន់គាត់ ពីបទសម្លាប់អ្នកតវ៉ា ក្នុងអំឡុងពេលបាតុកម្មបណ្ដេញគាត់ចេញពីអំណាច៕
ប្រភព៖BBC