header ads

Sponsor

ភ្នំពេញ៖ អង្គការ UNESCO បានគាំទ្រឲ្យកម្ពុជាជ្រើសរើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិត។ លោក Sardar Umar Alam នាយកអង្គការ UNESCO ប្រចាំកម្ពុជា បានបង្ហាញការគាំទ្របែបនេះ ទៅកាន់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាជំនួបពិភាក្សាការងារផ្ដោតលើវិស័យទេសចរណ៍ កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២០។

តំណាងអង្គការ UNESCO បានកត់សម្លឹងមើលឃើញទីក្រុងបាត់ដំបង ក្រចេះ និងកំពត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមលក្ខណវិច្ឆ័យ ក្នុងការជាប់ជាបញ្ជីទីក្រុងមានភាពច្នៃប្រឌិតរបស់អង្គការ ។ ហ្វេសប៊ុកក្រសួងទេសចរណ៍ បានសរសេរលើហ្វេសប៊ុកខ្លួនថា៖«អង្គការ UNESCO គាំទ្រឲ្យកម្ពុជាជ្រើសទីក្រុងមួយចំនួន ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការ UNESCO (Creative City) ដោយនៅក្នុងនោះ UNESCO សម្លឹងទីក្រុងមួយចំនួនរបស់កម្ពុជា ជាពិសេសទីក្រុងបាត់ដំបង ក្រចេះ និងកំពត »។

ក្រៅពីនេះ អង្គប្រជុំបានឯកភាពគ្នាបានគាំទ្រឲ្យមានការដាក់បញ្ចូលនូវម្ហូបអាហារខ្មែរ (Cambodian Gastronomy) ជាពិសេសនំបញ្ចុក ប្រហុក អាមុក និងអំបុកជាដើម រួមទាំងបេតិកភណ្ឌអរូបីផ្សេងទៀត ដើម្បីដាក់ក្នុងបញ្ជីត្រៀម (Tentative List) សម្រាប់ស្នើសុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

អង្គការ UNESCO ក៏សន្យាផ្តល់អ្នកជំនាញការដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប ដែលក្រសួងទេសចរណ៍ និងក្រុមការងារអន្តរក្រសួងបានកំពុងរៀបចំតំបន់ជាអាទិភាពចំនួន៦ គឺតំបន់ប្រាសាទអង្គរ ក្រុងសៀមរាប ទន្លេសាប-ព្រែកទាល់ ភ្នំគូលែន បន្ទាយស្រី និងតំបន់សៀមរាបថ្មីទៀតផង ។

អង្គប្រជុំក៏បានឯកភាពបង្កើតនូវក្រុមការងារចម្រុះមួយដែលមានក្រសួងទេសចរណ៍ និងអង្គការ UNESCO ដើម្បីអនុវត្តនូវផែនការដែលបានលើកឡើងក្នុងអង្គប្រជុំនេះ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post