លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលើកឡើងថា ការប្រកាសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៣០ខែមករាកន្លងទៅនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាគឺមិត្តដែកថែបរបស់ប្រទេសចិនពិតប្រាកដមែន។
លោកថា«មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្មីៗនេះបានថ្លែងមតិតាមរយៈទូរទស្សន៍ទូទាំងប្រទេសថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងឈរយ៉ាងមុតមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដើម្បីចាប់ដៃគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីនេះ និងឆ្លងទុក្ខលំបាកនេះជាមួយគ្នា។ នេះបានបង្ហាញពីប្រទេសកម្ពុជាជា“មិត្តដែកថែប”នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា”យ៉ាងពិតប្រាកដ»។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សម្ដេច ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចរត់ចោលប្រទេសចិនក្នុងគ្រាប្រទេសចិនកំពុងជួបការលំបាកឡើយ គឺការមិនបញ្ជូននិស្សិត ឬមន្ត្រីទូតចេញពីប្រទេសចិន ដូចជាប្រទេសជាច្រើនបានធ្វើនោះទេ។ សម្ដេចបន្តថា ពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងជាប់នៅទីក្រុងវ៉ូហានជាទីកន្លែងផ្ទុះឡើងកូរ៉ូណាថ្មី ដែលបានបណ្ដាលឱ្យស្លាប់ជាង៣៦០នាក់ និងឆ្លងឈឺជាង១ម៉ឺន៧ពាន់នាក់ គឺត្រូវនៅរួមសុខរួមទុក្ខជាមួយប្រជាជនចិនដើម្បីប្រឆាំងនឹងវីរុសនេះ។
សម្ដេច ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជាក៏មិនបិទជើងហោះហើរមកពីប្រទេសចិនដែរ ព្រោះការធ្វើបែបនេះ គឺជាការសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់នៅក្នុងសន្និសីទមួយកាលពីថ្ងៃទី២កុម្ភៈថា ជម្ងឺរលាកផ្លូវដង្ហើមកូរ៉ូណា គឺអាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។ លោកបន្ថែមថា ស្ថិតនៅក្រោមការដឹកនាំដ៏មុះមុតនៃមជ្ឈិមបក្សកុម្មុយនីស្តចិន របស់លោកប្រធានាធិបតីចិន Xi Jinping ការសាមគ្គីរួមគ្នារបស់ប្រជាជនចិនទាំងកម្លាំងកាយ និងចិត្ត ប្រាកដជាអាចប្រយុទ្ធប្រឆាំងជាមួយនឹងស្ថានភាពជម្ងឺមួយនេះប្រកបដោយភាពជោគជ័យក្នុងពេលឆាប់ៗនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងពិភពលោកមានទំនុចចិត្ត៕
