នៅថ្ងៃទី ២៥ មីនា ព្រឹកមិញ ពីវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទាំងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ-១៩ ដែលក្នុងពេលបច្ចុប្បន្ននេះកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្សន៍ និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯកសារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទ្យុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុងខលធូន (Call Tune) គឺនៅពេលដែលទូរស័ព្ទរោទិ៍ អោយអ្នកកំពុងរង់ចាំស្តាប់បានឮសម្លេង បុរស ឬស្ត្រីនិយាយថា « យើងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីឌ១៩» តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំធុញនឹងសារសំលេងពាក់ព័ន្ធនឹងខ្លឹមសារអប់រំអំពីការទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (COVID-19) នេះឱ្យសោះ ។ ទន្ទឹមនឹងនេះ គឺសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩ (COVID-19) ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល៕