ភ្នំពេញ៖ ចាប់ពីថ្ងៃទី០២-០៦ ខែមេសា ឆ្នាំ២០២០ តាមបណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ចំណែកបណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់តិចតួចផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣១ ខែ មីនា។
បើតាមក្រសួងធនធានទឹក បណ្តាខេត្តនៅតាមតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា មានពី ២៥អង្សាសេ ទៅ២៧អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣៤អង្សាសេ ទៅ ៣៧អង្សាសេ។
ចំណែកបណ្តាខេត្តនៅខ្ពង់រាបឦសាន សីតុណ្ហភាពអប្បរមា មានពី ២៤អង្សាសេទៅ ២៦អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤អង្សាសេ អាចនឹងមានភ្លៀងធ្លាក់នៅផ្នែកមួយចំនួន ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៧ ខែមេសា។
នៅបណ្តាខេត្តតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៥ទៅ ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៣ ទៅ ៣៥អង្សាសេ ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី ៧មេសា អាចនឹងមានភ្លៀងធ្លាក់កម្រិតពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមាន ចាប់ពីថ្ងៃទី២-៦ ខែមេសា ឆ្នាំ ២០២០៕
