![]() |
លោក ផាតទ្រីក មូហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ |
ភ្នំពេញ៖ អាមេរិក បានស្នើឱ្យកម្ពុជាយោគយល់ដល់ប្រជាជន និងភ្ញៀវទេសចរខ្លួននៅកម្ពុជា ដែលបានហួសសុពលភាពទិដ្ឋការ (Visa)ហើយ ប៉ុន្តែមិនអាចត្រលប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 កំពុងរាតត្បាតក្នុងប្រទេស និងពាសពេញពិភពលោក។ ការសុំយោគយល់នេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក ផាតទ្រីក មូហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក Murphy បានបញ្ចាក់ថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា មិនអាចត្រលប់ទៅមាតុភូមិវិញទេ ដោយសារជើងហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះទៀត ក៏មានកំណត់ ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពផងដែរ។ បើតាមលោក Murphy បញ្ហាទាំងនេះ គឺជា
ដើមហេតុ ដែលបង្កការលំបាកសម្រាប់ពួកគេ ដូច្នេះហើយបានជាស្ថានទូតអាមេរិកស្នើរដ្ឋាភិបាលកម្ពុជា ជួយសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេអាចត្រលប់ទៅអាមេរិកវិញ។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានអះអាងថា អាមេរិកមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។
នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនងនេះសិន។ ប៉ុន្តែបើតាមលោក មូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ។លោកសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ»។
កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់ នៅឆ្នាំ២០១៩ ។ នេះបើតាមក្រសួងទេសចរណ៍។
កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស ចាប់ពីម៉ោង១២យប់ថ្ងៃទី៣០ មីនាទៅ រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះផ្សាយថ្ងៃសៅរ៍ទី២៨មីនា បានបញ្ជាក់ថា កម្ពុជាផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ជូនជនបរទេសទាំងអស់ក្នុងរយៈពេលមួយខែ។
ចំពោះជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជានៅបរទេស។ ជនបរទេសនោះត្រូវផ្តល់នូវវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាពនៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី៧២ម៉ោង មុនពេលធ្វើដំណើរដើម្បីបញ្ជាក់ថា ខ្លួនពុំមានវីរុសកូរ៉ូណា(កូវីដ-១៩)។ បន្ថែមពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រង ដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា៕
ផ្ដល់សិទ្ធិដោយ៖ khmernas