header ads

Sponsor

CAMSOC-ភ្នំពេញ៖ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមវត្តមានឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។
យោងតាមរបាយការណ៍លទ្ធផលស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបានឲ្យដឹងថា ក្រុមអត្តពលិកកម្ពុជា ដែលចូលរួមនេះ មានចំនួន១០ប្រភេទកីឡា ដែលទទួលបានជ័យលាភី ក្នុងនោះមេដាយមាស៤វិញ្ញាសា លើប្រភេទកីឡា តេក្វាន់ដូWT កីឡាការិនី ស៊ន សៀវម៉ី, គុនប្រពៃណីហ្វីលីពីន Arnis ដោយកីឡាករគុនល្បុក្កតោរបស់កម្ពុជា កីឡាករ យ៉ុង ម៉េងលី, កីឡាជឺជីតស៊ូ កីឡាការិនី ខាន់ ជេសា និងប្រភេទកីឡាប៉េតង់នារីជាក្រុម មានកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រៀង សុរ៉ាឃីម, ឃួន យ៉ារី និងឌួង ឌីណា ដោយវិញ្ញាសាជាក្រុម គឺទទួលបានប្រាក់រង្វាន់គិតលើមេដាយម្នាក់ៗ។ ចំពោះមេដាយប្រាក់៦វិញ្ញាសា និងសំរឹទ្ធចំនួន៣៦វិញ្ញាសា សរុបមេដាយមានចំនួន៤៦វិញ្ញាសា។ ១០ប្រភេទកីឡា ដែលឈ្នះមេដាយនេះ គឺមានគ្រូបង្វឹក គ្រូជំនួយសរុបចំនួន២២រូប ក្នុងនោះគ្រូបង្វឹកទទួលបាន១០០%នៃមេដាយកូនសិស្សរបស់ខ្លួន ដែលដណ្តើមបានមេដាយខ្ពស់ជាងគេ ខណៈគ្រូជំនួយទទួលបាន៧០%។
សម្រាប់ប្រាក់រង្វាន់តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមេដាយមាស១គ្រឿងទទួលបាន ៤០លានរៀល, មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល (សរុប ១,៨២២,៨០០,០០០ រៀល)។ ដោយឡែកប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន គឺមេដាយមាស១គ្រឿង ទទួលបាន ៥០០០ដុល្លារសហរដ្ឋអាមេរិក, មេដាយប្រាក់ ៣០០០ដុល្លារ និងមេដាយសំរឹទ្ធ ២០០០ដុល្លារ សរុប ២១៦,៣០០ដុល្លារ។
កីឡាករ កីឡាការិនីន គ្រូបង្វឹក គ្រូជំនួយនានាបានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានលើកទឹកចិត្តមុនពេលចេញដំណើរ និងក្រោយបំពេញបេសកកម្មជាប្រវត្តិសាស្ត្រពីលើឆាកអន្តរជាតិ ដែលបានខិតខំកសាងស្នាដៃដណ្តើមមេដាយយកមកជូនជាតិ ហើយទទួលបានប្រាក់ឧបត្ថម្ភ នៅក្នុងជំនួបដ៏សែនរីករាយ និងកក់ក្តៅបំផុត តាមរយៈតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងពីរនាពេលនេះ៕






ប្រភព៖ Cambodia SEA GAMES 2023 & AKP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post