header ads

Sponsor






CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមប្រភេទកីឡាចំនួន៩ ដើម្បីដាក់ឲ្យសម្តែង និងប្រកួត អបអរទិវាបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបងឲ្យកាន់តែអធិកអម ដោយពិធីបុណ្យដ៏ធំនេះនឹងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី១៣-១៤-១៥ មីនា ឆ្នាំ២០២០។
៩ប្រភេទកីឡានេះរួមមាន៖ ជិះកង់កម្សាន្ត វេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ មីនា ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណីដ្ឋានភ្នំបាណន់, រត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ វេលាម៉ោង ៦:៣០ នាទីព្រឹក ដោយ ចេញដំណើរ និងដល់ទី នៅមុខសាលាខេត្ត, ប្រដាល់គុនខ្មែរ អន្តរជាតិ ខ្មែរ-ថៃ ថ្ងៃទី១៣-១៤ មីនា, បាល់ទាត់ ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា ម៉ោង៨ដល់ម៉ោង៣រសៀល, បាល់ទះ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា, ទាញព្រ័ត្រ ថ្ងៃទី១៤-១៥ មីនា, ប៉េតង់ (ប៊ូល) ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា, ចំបាប់បុរាណ ថ្ងៃទី១៣ដល់ថ្ងៃទី១៥ មីនា និងប្រភេទកីឡាអុកចត្រង្គ នឹងត្រូវ ប្រកួតពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ដោយភាគ៥ប្រភេទកីឡាត្រូវប្រកួតនៅទីលានបាល់ទាត់វាលបែកចាន។
ឯកឧត្តម វ៉ាត់ច ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមកម្សាន្ត និងការប្រកួតកីឡារយៈពេល៣ថ្ងៃនេះឲ្យបានច្រើនកុះករ។ គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងខិតខំធ្វើយ៉ាងណាឲ្យពិធីបុណ្យរយៈពេល៣ថ្ងៃនេះកាន់តែទាក់ទាញ។ នៅក្នុងស្ថានភាព ដែលជំងឺផ្លូវដង្ហើម COVID-19 កំពុងប្រឈមនៅលើពិភពលោក ហើយមានត្រឹមតែ២-៣ករណីនៅកម្ពុជា គណៈកម្មការគ្រោងនឹងពង្រឹងការថែរក្សាអនាម័យ ការអប់រំផ្សព្វផ្សាយបន្ថែមជូនដល់អ្នកចូលរួម។ គ្រប់គណៈកម្មការ អនុគណៈកម្មការនៅតែធ្វើការរៀបចំបន្តដដែល ដោយបានរៀបរយលើកិច្ចការរៀបចំទាំងនោះអស់ហើយ ដោយរង់ចាំតែដល់ថ្ងៃទី១៣-១៤-១៥ ខែមីនាចូលមកដល់តែប៉ុណ្ណោះ ដោយឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមដោយភាពសប្បាយរីករាយ កក់ក្តៅ ក្នុងការចូលរួមនៅក្នុងពិធីបុណ្យទន្លេ ឆ្នាំ២០២០នេះ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ ក៏មានគណៈកម្មការជំនាញខាងសុវត្ថិភាព អាជ្ញាធរ ក៏ដូចជាខាងជំនាញនៃក្រសួងសុខាភិបាលដែរគ្រោងនឹងដាក់ពង្រាយតង់ពេទ្យ និងពេទ្យចល័តជាច្រើនក្រុមទៀត ដើម្បីជួយជំរុញដល់ផ្នែកអនាម័យ ដោយមានទឹកលាងសម្អាតដៃ និងធ្វើឲ្យអ្នកចូលរួមទាំងអស់ទទួលបាននូវភាពកក់ក្តៅ ដើម្បីអាចគ្រប់គ្រងបញ្ហាសុវត្ថិភាពបញ្ជៀសជំងឺផ្លូវដង្ហើម COVID-19 នេះ។ ឯកឧត្តមបញ្ជាក់ថា ស្ថានភាពនេះគឺយើងមិនទាន់អាចត្រួតពិនិត្យលើគ្រប់មនុស្សដែលចូលរួមនោះឡើយ ដូចជាការស្កេនវាស់កម្តៅមនុស្សគ្រប់រូបដែលនឹងចូលរួមជាដើមនោះទេ ដោយយើងគ្រាន់តែលើកកម្ពស់បញ្ហាអនាម័យជាចម្បងប៉ុណ្ណោះ៕
ប្រភព៖ Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post