header ads

Sponsor


CAMSOC-បាត់ដំបង៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡា នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១២ មីនា ឆ្នាំ២០២០ នេះ ដែលក្នុងចំណោមសិក្ខាកាម២៤នាក់ គឺមាននិទ្ទេសល្អណាស់ ៧%, និទ្ទេសល្អ ៦១ % និងនិទ្ទេសមធ្យម ៣២% ហើយអ្នកជំនាញរដ្ឋបាលកីឡាក៏បានលើកឡើងឲ្យសិក្ខាកាមទាំងឡាយយកចំណេះទាំងនេះ ទៅបន្តអនុវត្តដោយផ្ទាល់ ដើម្បីបង្កើនការអភិវឌ្ឍសមត្ថភាពខ្លួនឯងផង និងបង្កើនការអភិវឌ្ឍវិស័យកីឡានៅក្នុងមូលដ្ឋានរបស់ខ្លួនផង។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាគ្រូឧទ្ទេសប្រចាំវគ្គផងនោះ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ គប្បីត្រូវយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេសនានាទៅចែករំលែកបន្តជូនដល់មូលដ្ឋានរបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍនៃមូលដ្ឋានគ្រឹះក្នុងវិស័យកីឡា ក៏ដូចជាបណ្តុះបណ្តាលបន្តដល់កីឡាករ កីឡាការិនីឲ្យបានកាន់តែរីកចម្រើនទាំងបរិមាណ និងគុណភាព។ ឯកឧត្តមស្នើឲ្យសិក្ខាកាមទាំងអស់ចូលរួមអនុវត្តផ្ទាល់ នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង នាថ្ងៃទី១៣-១៤-១៥ ខែមីនា ឆ្នាំ២០២០ ដែលមានប្រភេទកីឡាចំនួន៩ ត្រូវបានរៀបចំឲ្យប្រកួត និងសម្តែងអបអរពិធីបុណ្យទន្លេនេះ។
ឯកឧត្តម វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ដែរនោះ ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ គប្បីត្រូវយកចិត្តទុកដាក់ពង្រឹងទាំងសមត្ថភាព គុណភាពបន្ថែមទៀត ដើម្បីគោលដៅត្រៀមការប្រកួតកីឡាជាតិ លើកទី៣ នាខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ដែលគោលដៅនៃព្រឹត្តិការណ៍កីឡាជាតិ ក៏ដូចជាគោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នកីឡាពាក់ព័ន្ធទាំងអស់កំពុងបោះជំហានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។
ជាមួយគ្នានោះ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ក៏បានប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡា នៅក្នុងខេត្តឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡានេះ ផ្តោតសំខាន់លើការចែករំលែកនូវបទពិសោធន៍ជូនដល់សិក្ខាកាម ដើម្បីស្វែងយល់អំពីប្រវត្តិអង្គការសាមគ្គីអូឡាំពិក រចនាសម្ព័ន្ធកីឡា ការអភិវឌ្ឍគ្រូបង្វឹក ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ការកំណត់និស្ស័យកីឡា ការរៀបចំព្រឹត្តិការណ៍កីឡា ស្ត្រី និងកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា ការទំនាក់ទំនង ការរៀបចំអង្គប្រជុំ ផែនការហ្វឹកហាត់ ផែនការធ្វើដំណើររបស់ប្រតិភូ លេងដោយយុត្តិធម៌ ការបញ្ជាក់ភេទ ការប្រឆាំងសារធាតុញៀនក្នុងកីឡា វេជ្ជសាស្ត្រកីឡា ភោជនាអាហារ និងភេសជ្ជៈសម្រាប់កីឡាជាដើម។
វគ្គសិក្សានេះបានចាប់ផ្តើមពីថ្ងៃទី៩ ខែមីនា និងបញ្ចប់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ក្រោមការបង្ហាត់ពីគ្រូឧទ្ទេស៣រូបគឺ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា៕
ប្រភព៖ Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post