ភ្នំពេញ៖ ពិភពលោកកំពុងមានការព្រួយបារម្ភអំពីជំងឺឆ្លងដ៏កាចសាហាវ គឺវីរុសកូរ៉ូណា ឬCOVID19 ដែលជំងឺនេះបានសម្លាប់មនុស្សជាច្រើននាក់រៀងរាល់ថ្ងៃ និងបានចម្លងពី១ទៅ១ស្ទើរពេញពិភពលោក។
ប៉ុន្តែវីរុសកូរ៉ូណា ឬCOVID19នេះ មិនទាន់មានវត្តមានឆ្លងមកពលរដ្ឋកម្ពុជាណាម្នាក់នៅឡើយ ចាប់តាំងពីមានមួយករណីនៅខេត្តព្រះសីហុ នៅលើជនជាតិចិន។ មិនមានឆ្លងវីរុសកូវីដ១៩ ក៏ពិតមែន ប៉ុន្តែកម្ពុជា កើតមានជំងឺមិនឆ្លង មិនធ្វើឲ្យភ័យខ្លាច នោះគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
តាមការប៉ាន់ស្មានរបស់មន្រ្តីជំនាញបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យមជាង ៥នាក់ជារៀងរាល់ថ្ងៃ និងបង្កឲ្យរបួសធ្ងន់ស្រាលជាប្រចាំផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្ស ប៉ុន្តែវាបានបំផ្លាញទាំងសីលធម៌ជាតិ សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនានា។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺសម្តេច ស ខេង បានលើកឡើងនាពេលថ្មីៗនេះថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុក ពិសេសនៅឆ្នាំ ២០១៩។
កាលពីចុងខែកុម្ភៈ នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យមានការសិក្សា ដើម្បីដាក់ពិន័យឱ្យបានតឹងរឹងចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ហើយសាងកំហុសចំនួនបីដង ត្រូវដកហូតប័ណ្ណបើកបរ ឬឈប់ឲ្យកាន់ដៃចង្កូត ១ឆ្នាំឬ២ឆ្នាំ។
អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារបើកបរមិនគោរពច្បាប់ បើកហួសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងវ៉ាជែងមិនប្រុងប្រយ័ត្នជាដើម។
ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕ អត្ថបទ៖ ពង្សាវតា
ផ្ដល់សិទ្ធិដោយ៖ khmernas