header ads

Sponsor

អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី៥ មីនា

ភ្នំពេញ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គុណ ញឹម បានអះអាងថា វិស័យកាត់ដេរកម្ពុជា មានសញ្ញាល្អវិញ ក្រោយចិនដែលកំពុងប្រឈមមុខនឹងបញ្ហាវីរុសCOVID-19នេះ ចាប់ផ្ដើមបញ្ចូនវត្ថុធាតុដើម មករោងចក្រនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក គុណ ញឹម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី៥ មីនា។

លោក គុណ ញឹម បានបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្កើតច្រកពិសេសមួយ នៅកំពង់ផែអន្ដរជាតិ ក្រុងព្រះសីហនុ សម្រាប់ទំនិញដែលជាវត្ថុធាតុដើម បម្រើឱ្យវិស័យកាត់ដេរនៅកម្ពុជា ដើម្បីសម្រួលដល់ការចរាចរឱ្យបានរហ័ស ពាក់ព័ន្ធនឹងការបំពេញបែបបទផ្សេងៗជាដើម ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាវីរុសប្រភេទថ្មី COVID-19នេះ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«យើងអត់ប្រមូលចំណូលពីវត្ថុធាតុដើម វិស័យកាត់ដេរពន្ធ អាករបន្ទុករដ្ឋទាំងអស់ ឃើញងើបឡើងវិញ។ ទន្ទឹមនោះទំនិញដែលនាំចូលមកជាលក្ខណៈពាណិជ្ជកម្ម ដើម្បីយកមកលក់ក្នុងទីផ្សារក្នុងស្រុក ក៏ចាប់ផ្ដើមងើបៗឡើងវិញបន្ដិចៗផងដែរ។ ចឹងនេះជាសញ្ញាល្អ ដែលយើងនឹងតាមដានបន្ដទៀត»។

លោក គុណ ញឹម ក៏មិនហ៊ានបញ្ជាក់ថា វិស័យកាត់ដេរកម្ពុជានឹងភាពប្រសើរឡើងវិញ ក្រោយពីចិនផ្គត់ផ្គង់វត្ថុធាតុដើមនេះ កម្រិតណានោះទេ ដោយវាអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃវីរុសកូរ៉ូណាប្រភេទថ្មីនៅចិននេះ។

បច្ចុប្បន្ននេះកម្មកររោងចក្រជាង១៨,០០០នាក់ហើយ ដែលកំពុងបាត់បង់ការងារ ដោយសាររោងចក្រមួយចំនួន បិទទ្វារបណ្ដោះអាសន្ន ព្រោះតែខ្វះវត្ថុធាតុដើមកែច្នៃ ខណៈដែលចិនជាប្រទេសផ្គត់ផ្គង់នោះ កំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែននៅក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ។

បើតាមសម្ដេច ហ៊ុន សែន កម្មកររោងចក្រទាំងអស់ នឹងទទួលបានប្រាក់បៀវត្ស៦០ភាគ ដែលស្មើនឹង១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ នៅក្នុងអំឡុងពេលព្យួរការងារនេះ។ ថវិកាទាំងនេះ គឺខាងរោងចក្រផ្ដល់ជូន៤០ភាគរយ ហើយរដ្ឋាភិបាលជួយចេញ២០ភាគរយ។

ក្រៅពីកម្មកររោងចក្រ ក៏មានបុគ្គលិកសណ្ឋាគារ នៅខេត្តសៀមរាបនោះ ប្រឈមមុខអត់មានការងារដែរ ព្រោះតែកង្វះភ្ញៀវទេសចរណ៍។ នេះជាការបន្ថែមរបស់ប្រមុខរដ្ឋាភិបាល៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post