លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់អំពីករណីដែលមានប្រជាពលរដ្ឋមួយចំនួន បានស្វះស្វែងរកការវិភាគសំណាកស្វែងរកជំងឺកូវីដ១៩ ហើយត្រូវបានបដិសេធដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាគឺជាករណីដែលពុំបានចូលទៅក្នុងនិយមន័យនៃជំងឺកូវីដ១៩។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលថា “ករណីដែលប្រជាពលរដ្ឋមួយចំនួនខ្លះទាមទាចង់វិភាគស្វែងរកកូវីដ១៩នោះ គឺពុំមែនជាករណីដែលសាម៉ីខ្លួនចង់ឬមិនចង់នោះទេ គឺទាល់តែមានការពិនិត្យ និងវិភាគថា ប្រជាពលរដ្ឋទាំងនោះ មានសញ្ញាណាមួយដែលចូលទៅក្នុងនិយមន័យ នៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត សាម៉ីខ្លួនត្រូវទៅជួបក្រុមគ្រូពេទ្យជាមុនសិន ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ ហើយក្នុងករណីដែលរកឃើញមានការសង្ស័យ ដូចជាការធ្លាប់ធ្វើដំណើរទៅទីតាំងដែលមានការរាតត្បាតវីរុសនេះ ឬ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកដែលវិជ្ជមានកូវីដ១៩ ទើបក្រុមគ្រូពេទ្យ ត្រូវយកវត្ថុសំណាកដើម្បីយកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ។ ករណីដែលប្រជាពលរដ្ឋខ្លះ ស្វែងរកការទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រដោយខ្លួនឯង ពុំត្រូវបានអនុញ្ញាតពីវិទ្យាស្ថាននោះទេ ពីព្រោះនេះគឺខុសនីតិវិធីសុខាភិបាលទាំងស្រុង។
លោកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា ប្រជាពលរដ្ឋមួយចំនួន មានករណីត្រឹមតែគ្រុនផ្តាសាយធម្មតា ឬក៏មានជំងឺរលាកបំពង់់កជាដើម ដូច្នេះក្រុមគ្រូពេទ្យនឹងធ្វើការព្យាបាល ឬចេញវេជ្ជបញ្ជាឱ្យ ហើយត្រូវតាមដានស្ថានភាពជំងឺដោយខ្លួនឯងសិន ក្នុងករណីពុំធូរស្រាលនោះ ទើបតម្រូវឱ្យមកមន្ទីរពេទ្យម្តងទៀតហើយធ្វើការត្រួតពិនិត្យសារជាថ្មី។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ការវិភាគសំណាកដើម្បីរករីរុសកូវីដ១៩ ពុំមែនជាការធ្វើវិភាគ ជួសឈាមធម្មតាៗនោះទេ គឺត្រូវធ្វើតាមវិធានក្រសួងសុខាភិបាល តាមរយៈការការពារយ៉ាងល្អិតល្អន់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ក៏ដូចជាដើម្បីចៀសវាងការឆ្លងនៅក្នុងមន្ទីរពេទ្យផងដែរ។
បើតាមអ្នកនាំពាក្យ អ្នកដែលផ្ទុកវីរុសកូវីដ១៩នេះ គឺចំនួន៨០ភាគរយឡើងនឹងជាសះស្បើយដោយឯកឯង ដោយពុំចាំបាច់ព្យាបាលនោះទេ ដោយអ្នកជំងឺនេះគ្រាន់តែញាំទឹកឱ្យបានច្រើន ញាំថ្នាំបញ្ចុះកំដៅ និងអាហារផ្សេងៗឱ្យបានល្អ ហើយត្រូវកាត់បន្ថយភាពតប់ប្រមល់ដោយខ្លួន៕ AKP
ផ្ដល់សិទ្ធិដោយ៖ Khmernas