
ក្រុមអាជីវករលក់ដូរតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ រអ៊ូរទាំថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩នៅកម្ពុជា ពួកគាត់លក់ដូរលែងសូវដាច់ ហើយត្រូវចំណាយផ្សេងៗជាច្រើន មិនសមនឹងចំណូល។
ជាក់ស្តែងអាជីវករនៅផ្សារផ្លាហ្សាពោធិ៍ចិនតុង បានលើកឡើងថា ពួកគាត់ត្រូវចំណាយថ្លៃតូបថ្លៃភាស៊ី ថ្លៃអនាម័យ ថ្លៃសន្ដិសុខ ជាប្រចាំ តែចំណូលមិនសូវបាន ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់ជួបការលំបាក នៅក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ១៩នេះ។
តាមពិតទៅ មិនថា តែអាជីវករនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ដែលជួបបញ្ហាបាត់បង់អតិថិជននោះ អាជីវករស្ទើរតែទូទាំងប្រទេស បានត្អូញត្អែពីការបាត់បង់ចំណូល និងអតិថិជនដូចគ្នា។
ទោះយ៉ាងណា រាជរដ្ឋាភិបាល កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យឆ្លងចូលក្នុងសហគមន៍ បង្កើនការផ្សព្វផ្សាយពីវិធានការការពារ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺនេះ៕ រូបភាព៖ Srun tith

