ការសិក្សាមួយបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកជំងឺCovid-19នៅចិនដីគោក គឺមិនមានគ្រុនក្តៅនៅពេលពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត David Hui Shu-cheong អ្នកជំនាញខាងវេជ្ជសាស្ត្រផ្លូវដង្ហើមនៅសាកលវិទ្យាល័យចិន និងជាសហដឹកនាំការសិក្សានេះ បានទទូចឱ្យមានការធ្វើតេស្តបន្ថែមទៀតនៅតាមគ្លីនិកឯកជននិងរដ្ឋ ដើម្បីជួយរកឱ្យឃើញទាន់ពេល និងដាក់អ្នកសង្ស័យឱ្យនៅដាច់ដោយឡែក។
ការទទូចនេះ បន្ទាប់ពីការស្រាវជ្រាវបានបង្ហាញថា ជាង៨០នៃអ្នកជំងឺCovid-19 បានចុះទាបនៃកោសិកាគ្រាប់ឈាមដែលហៅថា(Lymphocyte)ក្នុងឈាមរបស់ពួកគេ ហើយអ្នកជំងឺជាងពាក់កណ្ដាលគឺមិនបានចេញរោគសញ្ញាគ្រុនក្ដៅនោះទេ។
លទ្ធផលនៃការស្រាវជ្រាវនេះបានបង្ហាញថា អត្រាមរណភាពគឺមានចំនួន១,៤ភាគរយ ក្នុងចំណោមក្រុមអ្នកជំងឺដែលមានអាយុជាមធ្យម៤៧ឆ្នាំ និងមានចំនួន៥៨,១ភាគរយគឺជាបុរស។ រយៈពេលនៃការបង្ករោគនៃជំងឺនេះមានចន្លោះពី២ទៅ៧ថ្ងៃ ខណៈដែលអ្នកជំងឺមានតែ១,៩ភាគរយប៉ុណ្ណោះ ដែលមានប្រវត្តិប៉ះពាល់ផ្ទាល់ជាមួយសត្វព្រៃ។
លោក David Hui Shu-cheong បានលើកឡើងថា៖«ការស្រាវជ្រាវបានបង្ហាញថា វាងាយស្រួលណាស់ដែលធ្វើឱ្យយើងខកខានមិនបានដឹង អំពីការឆ្លងមេរោគមួយចំនួននៅក្នុងសហគមន៍ ហើយយើងមិនគ្រាន់តែអាចកត់សម្គាល់ថា គ្រុនក្ដៅគឺសញ្ញាតែមួយគត់សម្រាប់Covid-19នោះទេ។ អ្នកជំងឺខ្លះអាចស្កេនសួតដែលមើលទៅមិនអី ហើយអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រឡប់ទៅសហគមន៍វិញ គឺបណ្តាលឱ្យវីរុសរាលដាល»៕
ប្រភព៖ South China Morning Post
ផ្ដល់សិទ្ធិដោយ៖ khmernas