ប្រទេសចិនបានស្នើឱ្យអាជ្ញាធរប្រទេសរុស្ស៊ីកុំរើសអើងពលរដ្ឋចិន ចំពេលមានរបាយការណ៍នៃការវាយឆ្មក់របស់ប៉ូលីសនៅទីក្រុងមូស្គូ ទៅលើប្រជាជនមកពីប្រទេសចិន ដែលត្រូវបានចោទប្រកាន់ពីបទគេចវេសពីវិធានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ។
រដ្ឋធានីនៃប្រទេសរុស្ស៊ីបានបញ្ជាឱ្យប្រជាជនទាំងអស់មកពីប្រទេសចិននិងបណ្តាប្រទេសផ្សេងទៀត រួមទាំងតំបន់ដែលរងការវាយប្រហារដោយវីរុសCovid-19 ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីការពារការរីករាលដាលនៃជំងឺនេះ។
អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា ពលរដ្ឋចិនប្រមាណ៨០នាក់ និងមនុស្ស៨នាក់មកពីប្រទេសផ្សេងទៀត កំពុងប្រឈមមុខនឹងការនិរទេស ដោយសាររំលោភលើបទបញ្ជាការដាក់ឱ្យដាច់ដោយឡែកពីគេចាប់តាំងពីថ្ងៃទី២២ខែកុម្ភៈ។
នៅក្នុងលិខិតលេចធ្លាយមួយ ក្រុមអ្នកបើករថយន្ដក្រុង នៅក្នុងរដ្ឋធានីនៃប្រទេសរុស្ស៊ី ត្រូវបានអាជ្ញាធរណែនាំឱ្យរាយការណ៍តាមទូរស័ព្ទទៅប៉ូលីស ប្រសិនបើពួកគេបានឃើញអ្នកដំណើរដែលមើលទៅដូចជាជនជាតិចិន។
ស្ថានទូតចិនប្រចាំនៅប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរប្រទេសនេះ គួរតែមានឥរិយាបទសមរម្យនិងមិនរើសអើងចំពោះជនជាតិចិន។ ស្ថានទូតបាននិយាយថា ការកំណត់អត្តសញ្ញាណនិងការតាមដានជនសង្ស័យទាំងអស់ ផ្តោតលើតែពលរដ្ឋចិន ជាជាងមនុស្សទាំងអស់ដែលមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន គឺបង្ហាញពីភាពមិនយុត្តិធម៌។
អ្នកនាំពាក្យស្ថានទូតបាននិយាយថា៖«យើងសង្ឃឹមថាវិធានការណ៍នេះ នឹងសមស្របនឹងចំណងមិត្តភាពនិងទំនាក់ទំនងកម្រិតខ្ពស់រវាងចិននិងរុស្ស៊ី»។ អ្នកនាំពាក្យនេះបានគូសបញ្ជាក់ពី ទំនាក់ទំនងនយោបាយនិងយោធាយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ប្រភព៖ South China Morning Post
ផ្ដល់សិទ្ធិដោយ៖ khmernas