header ads

Sponsor

លោក​ តាន់​ ហ្សង់​-ហ្រ្វង់ស័រ បានសរសេររៀបរាប់ទាក់ទងនឹង Covid-19 ជាមួយនឹងចំណងជើងថា Covid-19 មិនមែនជាមេរោគប្រល័យលោកទេ នៅលើ Facebook របស់លោក ដែលមានខ្លឹមសារទាំងស្រង់ដូចតទៅ៖ កូរ៉ូណាវីរុសថ្មី ជាគ្រោះភ័យធំ តែជាគ្រោះថ្នាក់តូច។ វីរុស នេះដែលគេហៅថាCovid-19 បណ្តាលឲ្យស្លាប់តិចណាស់មកទល់ពេលនេះ(ថ្ងៃ១០មីនា)នៅក្នុងពិភពលោក គឺប្រមាណតែជាង ៤០០០នាក់។ មិនដល់៣%ផងនៃចំនួនអ្នកមានផ្ទុកវានៅក្នុងខ្លួន ត្រូវស្លាប់។ 
សឹង១០០%នៃអ្នកស្លាប់សុទ្ធតែជាមនុស្សចាស់ជរាឬអ្នកមានជំងឺប្រចាំកាយ។ បានន័យថា ជិត៩៨% ជាសះស្បើយដោយខ្លួនឯង ឬក៏គ្មានរោគសញ្ញាសូម្បីតែបន្តិច។ ដើម្បីប្រៀបធៀបមើល គេគួរដឹងថាពីដើមខែធ្នូឆ្នាំ២០១៩ដល់ដើមខែមករាឆ្នាំ២០២០ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ អ្នកស្លាប់ដោយជំងឺផ្តាសាយធំ(grippe saisonnière) នៅបារាំងមានចំនួន៣០០០នាក់ នៅពេលដែលមកទល់ពេលនេះ(ថ្ងៃ១០មីនា) Covid-19 ទើបតែសម្លាប់ប្រជាជនបារាំងអស់៣០នាក់ប៉ុណ្ណោះ។
ចុះហេតុអ្វីបានជាមនុស្សជាតិភិតភ័យខ្លាំងម្ល៉េះ? ម្យ៉ាងពីព្រោះ គ្មានទេថ្នាំព្យាបាល និងគ្មានទេវ៉ាក់សាំងបង្ការ។ ម្យ៉ាងទៀត ពីព្រោះCovid-19 ឆ្លងលឿន និងឆ្លងជាសកល ម្ល៉ោះហើយចៀសមិនរួចពីក្លាយជារឿងពេញនិយមរបស់ប្រព័ន្ធផ្សព្វផ្សាយអាជីព និងជារឿងពេញនិយមបែបប៉ាតណាប៉ាតណីនៃបណ្តាញសង្គម។ ម្យ៉ាងចុងក្រោយ ពីព្រោះCovid-19 ចង់ឬមិនចង់ ក្លាយជារឿងរ៉ាវនយោបាយ។ និយាយបែបផ្សេង នៅចំពោះមុខការរីករាលដាលនៃបាតុភាពភ័យខ្លាចជ្រុល ថ្នាក់ដឹកនាំគ្រប់ប្រទេសត្រូវបង្ខំចិត្តចាត់វិធានការ ៖ វិធានការសុខាភិបាល ដើម្បីព្យាលបាលអ្នកជំងឺនិងដើម្បីទប់ស្កាត់ការឆ្លង, វិធានការ នយោបាយ ដើម្បីរំងាប់ការភិតភ័យដែលអាចក្លាយជាការភ័យឆោឡោ រហូតអាចប៉ះពាល់ដល់សន្តិសុខជាតិ តំបន់ ឬអន្តរជាតិ។ គឺមានតែវិធានការនយោបាយជួនកាលប្រកបដោយវិសាលភាព បែបលើសនិងបែបជ្រុលនេះហើយ(ឧទាហរណ៍ ការដាក់ឲ្យនៅឯកា តំបន់មួយទាំងមូលឬប្រជាជនច្រើនសិបលាននាក់ ដូចជានៅចិនឬក្រោយមកទៀតនៅអុីតាលី) ដែលអាចទប់ស្កាត់ការវាយលុកនៃCovid-19បាន និងដែលអាច នៅទីបំផុត រំងាប់ភាពភ័យខ្លាចរបស់មហាជនបាន។
យ៉ាងណាមិញ បញ្ហាធំដែលហូរចេញពីវិធានការយក្សបែបសុខាភិបាលនិងបែបនយោបាយអស់ទាំងនេះ គឺការខាតបង់សេដ្ឋកិច្ច ៖ ផលិតកម្មឧស្សាហកម្មប្រែប្រួល, ទេសចរណ៍ដួលរលំ, រោងចក្រនិងក្រុមហ៊ុនផុយស្រួយជាងគេខ្លះអាចបិទទ្វារ, ទីផ្សារភាគហ៊ុនជ្រួលច្របល់, តម្លៃវត្ថុុធាតុដើមជាពិសេសតម្លៃប្រេងឆៅធ្លាក់ដាំដូង...។ 
នៅទីបំផុត ដោយហេតុតែCovid-19 សេដ្ឋកិច្ចពិភពលោកនឹងអាចបាត់បង់កំណើនពី០,៥(បើវិបត្តិកូរ៉ូណាឆាប់ចប់)ទៅ១,៥ពិន្ទុ(បើវិបត្តិកូរ៉ូណាអូសបន្លាយ) នៅក្នុងឆ្នាំ២០២០នេះ។ ជាសំណាងល្អហើយ ដែលលើកនេះ Covid-19 សម្លាប់សេដ្ឋកិច្ចខ្លាំងជាងសម្លាប់មនុស្ស។ ផ្ទុយទៅវិញ បើសិនជាវាសម្លាប់មនុស្សរាប់លាននាក់ ពិភពលោកទាំងមូលប្រហែលជាក្រឡាប់ចាក់បាត់ទៅហើយ។ តែនេះ មិនមែនបានន័យថា នឹងគ្មាននោះទេ វីរុសប្រល័យលោកមួយ នាពេលអនាគត ជិតឬឆ្ងាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post